ខេត្តកំពង់ចាម ៖ ដេប៉ូលក់គ្រឿងសំណង់មួយកន្លែងស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានត្រូវ អគ្គីភ័យឆាបឆេះកាលពីក្បាលព្រលប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បណ្តាលអោយអគ្គីភ័យបំផ្លាញអស់ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់មួយចំនួន តែមិនបង្កអោយគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះឡេីយ ។
ទីតាំងដែលត្រូវភ្លើងឆេះខាងលេីមានម្ចាស់ឈ្មោះរុន សុខថេន ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានទីតាំងនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាអោយក្រុមពន្លត់អគ្គីភ័យចេញរថយន្តចំនួន ៤គ្រឿង ក្នុងនោះ រថយន្តស្រុកកំពង់សៀម ១គ្រឿង, រថយន្ត របស់ស្នងការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល អោយដឹងថា មិនដល់រយៈពេល២ម៉ោង ករណីអគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងទាំងស្រុង ហេីយបានរលត់នៅវេលាម៉ោង២១: ៣០ នាទី ដោយប្រើប្រាស់អស់ទឹក១៦រថយន្ត ។
លោកបញ្ជាក់ថា ទំហំនៃការខូចខាត អគ្គិភ័យបានបំផ្លាញ ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់អស់មួយចំនួន តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ ។ ចំពោះមូលហេតុវិញ លោកស្នងការមិនទាន់អាច បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលនេះកម្លាំងជំនាញ កំពុងស្រាវជ្រាវ ខណៈម្ចាស់ផ្ទះក៏មិននៅ ៕ ដោយ ៖ វណ្ណៈ