ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាប្រើប្រាស់ស្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជួន នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបានប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះខុសពីនីតិវិធី។ 

ក្នុងសេចក្តីជូនដំណឹង ស្ដីពីការប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះបានឲ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា យានជំនិះមួយចំនួនបានបំពាក់ស្លាកលេខសម្គាល់យានជំនិះ មិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឲ្យបាត់លក្ខណៈសម្គាល់។ ជាពិសេសបានច្នៃប្រឌិតស្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលស្លាកលេខសម្គាល់យានជំនិះ ទាំងអស់ត្រូវចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជួន លើកលែងតែស្លាកលេខនគរបាល និងស្លាកលេខខេមរភូមិន្ទ ដែលត្រូវចេញដោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។

សេចក្ដីជូនដំណឹងបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ភាព មិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមណែនាំដូចខាងក្រោម៖

១៖ គ្រប់យានជំនិះ មុនធ្វើចរាចរណ៍តាមដងផ្លូវ ត្រូវធ្វើការចុះបញ្ជី ដើម្បីទទួលបានបណ្ណសម្គាល់ និងផ្លាក​លេខឲ្យបានត្រឹមត្រូវតាមនីតិវិធី
២៖ ស្លាកលេខសម្គាល់យានជំនិះ ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ តាមយានជំនិះដែលបានចុះបញ្ជី
៣៖ ហាមយកស្លាកលេខសម្គាល់យានជំនិះ ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់លើយានជំនិះ ផ្សេងដែលនាំចូលមិនស្របច្បាប់
៤៖ ហាមប្រើប្រាស់ស្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែមដែលផ្ទុយពីផ្លាកលេខចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន
៥៖ ហាមផ្ទុក កសម្ភារ និងដាក់វត្ថុផ្សេងៗ ដែលធ្វើឲ្យបាំងស្លាកលេខ
៦៖ នៅពេលយានជំនិះខូចប្រើប្រាស់លែងកើត ម្ចាស់យានជំនិះត្រូវបំពេញកាតព្វកិច្ចលុបចេញពីបញ្ជីយានជំនិះ ដោយនាំយកមកនូវបណ្ណសម្គាល់ និងស្លាកលេខសម្គាល់យានជំនិះ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

...

ក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានបញ្ជាក់ដែរថា «អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលបានប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះខុសពីនីតិវិធី»៕ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print