កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរក្នុងតំបន់បានហាមប្រាមប្រជាជនឥណ្ឌូនេស៊ីមិនឲ្យមានសកម្មភាពនៅជិតភ្នំភ្លើង ដែលកំពុងតែបញ្ចេញកម្អែរ ។ ភ្នំភ្លើង ឈ្មោះថា Merapi ដែលធ្លាប់ផ្ទុះសម្លាប់មនុស្សរាប់រយនាក់កាលពីឆ្នាំ២០១០នោះ បានចាប់ផ្តើកកម្រើកខ្លួន ជះចំហាយក្តៅទៅលើបរិយាកាសទៀតហើយ ។
អាជ្ញាធរឥណ្ឌូណេស៊ី បានហាមប្រាមប្រជាជន និងអ្នកដើរលេងមិនឱ្យធ្វើសកម្មភាពក្នុងចម្ងាយ ៣ គីឡូម៉ែត្រ ពីកំពូលភ្នំភ្លើង មេរ៉ាពី (Merapi) ដែលជាភ្នំភ្លើង ស្ថិតនៅរវាងខេត្ត Central Java និងខេត្ត Yogyakarta បន្ទាប់ពីវាបានជះចំហាយក្តៅខ្លាំងកាលពីព្រឹកថ្ងៃពុធ (១៤ សីហា) ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី (BNPB) លោក Agus Wibowo បានថ្លែងថា ភ្នំភ្លើង Merapi បានជះចំហាយក្តៅរហូតដល់៩៥០ម៉ែត្រ ឆ្ពោះទៅផ្នែកខាងលើដងទន្លេ Gendol ដែលជាទន្លេស្ថិតនៅក្នុងតំបន់ព្រំដែនខេត្តទាំងពីរខាងលើ នៅវេលាម៉ោង៤និង៥២នាទី(ព្រឹក) ម៉ោងនៅទីក្រុងហ្សាកាតា ។
លោកAgus Wibowoបានបន្ថែមទៀតថា ចំហាយក្តៅបានសាយភាយចេញពីភ្នំភ្លើង Merapiនេះចំនួនប្រហែល៩៥វិនាទី ក្រុមជំនាញបានកត់ត្រាថា ទំហំអតិបរមាកម្តៅប្រហែល៥០មីល្លីម៉ែត្រ ។
ភ្នំភ្លើងរបស់ឥណ្ឌូនេស៊ីមួយនេះ មានកម្ពស់២ ៩៦៨ ម៉ែត្រពីទឹកសមុទ្រ ត្រូវចាប់សញ្ញាបានថា មានសកម្មភាពកម្រើកញាប់ញ័រ ប្រហែល១០ដងផ្សេងគ្នា កាលពីចុងសប្តាហ៍កន្លងមក ។
បច្ចុប្បន្ននេះ អាជ្ញាធរបានប្រកាសដាក់កម្រិតអាសន្នទី II ចំពោះភ្នំភ្លើងនេះ ខណៈដែលកម្រិតអាសន្នខ្ពស់បំផុតរបស់វា គឺកម្រិត IV ។
មន្ត្រីក្នុងតំបន់បានហាមរាល់ការឡើងភ្នំ លើកលែងតែសកម្មភាពស្រាវជ្រាវ ។ អ្នកស្រុកត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពដែលកើតឡើងពីភ្នំភ្លើងនេះ ។
សូមបញ្ជាក់ថា ភ្នំភ្លើងខាងលើនេះ ធ្លាប់បានផ្ទុះកាលពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១០ សម្លាប់មនុស្ស៣៥៣នាក់ ។ កាលណោះអាជ្ញាធរឥណ្ឌូនេស៊ីជម្លៀសមនុស្ស៣៥០,០០០នាក់ពីតំបន់ដែលរងផលប៉ះពាល់ ៕