ខេត្តកំពង់ស្ពឺ ៖ នារីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់ កើតទុក្ខមិនសុខចិត្ត រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌បន្ទាប់ពីបុរសម្នាក់ ជាជំទប់ទី១ ឃុំត្រពាំងជោរ បានប្រើអំពើហិង្សាទះកំផ្លៀងនាង គ្រាន់តែសួរត្រូវការថែមស្រាបៀរ ឬអត់។ ហេតុការណ៍ទះកំផ្លៀងនារីខារ៉ាអូខេនេះ បានកើតឡើង
កាលពី វេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅហាងខារាអូខេ “អូរពន្លៅ ហេងហេង KTV” មានទីតាំង នៅតាមផ្លូវ៤៤ ភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនបង្កមានឈ្មោះ សន សឹម អាយុជាង៣០ឆ្នាំ ដែលគេស្គាល់ ច្បាស់ថា ជាជំទប់ទី១ ឃុំត្រពាំងជោរ។ ចំណែកដើមបណ្តឹង ជានារីរងគ្រោះឈ្មោះ ស ស អ អាយុ២៧ឆ្នាំ បម្រើការងារនៅហាងខារា៉អូខេយីហោ “អូរពន្លៅ ហេងហេង” មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។
តាមនារីរងគ្រោះ បានឲ្យដឹងថា នៅ វេលាម៉ោង៧យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ជនដៃដល់ជាជំទប់ទី១ ឃុំត្រពាំង ជោរ រួមជាមួយបក្ខពួក សរុប៤នាក់ ជិះ រថយន្តឡិចស៊ីស៤៥០ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AM-1069 (រថយន្តរបស់ លោក សន សឹម) បានចូលមកផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ បន្ទប់លេខ៧។ ពេលមកដល់ ក៏បានហៅស្រាបៀរមកផឹក ក្នុងមួយឈុតតម្លៃ២៦ម៉ឺនរៀល ហើយបានហៅនារីៗចំនួន៤នាក់ អង្គុយកំដរ ដើម្បីបង្កើនការសប្បាយ ការហូបចុកច្រៀងរាំបន្តរហូតដល់ម៉ោងប្រហែល៨ និង៣០នាទីយប់ដដែល អស់ស្រាបៀរ នាងក៏បានសួរនាំទៅកាន់ភ្ញៀវ (បុរសជាជនដៃដល់ជំទប់ទី១)ថា បងថែមស្រាបៀរទៀតទេ ដោយឃើញស្រាបៀរអស់ម្តងជាពីរដង ស្រាប់តែលោក សន សឹម បានស្ទុះមកទះកំផ្លៀងនាង ដែលកំពុងតែអង្គុយកំដរ មិត្តភក្តិរបស់គេនោះ ហើយក៏មានការភ្ញាក់ផ្អើលតែម្តង។ ភ្លាមៗនោះលោកជំទប់ទី១ ឃុំត្រពាំងជោររូបនេះ បានហៅឲ្យគិតលុយអស់ចំនួន២៦ម៉ឺនរៀល ហើយបានឡើងជិះរថយន្ត គេចខ្លួនបាត់ស្រមោលតែម្តង។
នារីរងគ្រោះបាននិយាយបន្តថា ភ្លាមៗនោះថៅកែរបស់នាង បានពឹងអ្នកជិតខាងឲ្យជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំងទាំងយប់តែម្តង ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យនាង ទាំងនាងគ្មានកំហុសទាល់តែសោះ ហើយម្យ៉ាងទៀតនាងជានារីភេទទន់ខ្សោយ មិនតែប៉ុណ្ណោះលោក សន សឹម មានតួនាទីជាជំទប់ទី១ ឃុំត្រពាំងជោរ និងជាអ្នកចេះដឹងចេះច្បាប់ទម្លាប់ប្រជាពលរដ្ឋក្នុងភូមិចំនួន២៩ ក្នុងឃុំត្រពាំងជោរមិនក្រោម២ម៉ឺននាក់ឡើយ ដែលស្គាល់រូបលោក សន សឹម នោះ ហេតុអ្វីបានជាមកធ្វើបាបនាងបែបនេះទៅវិញ នាងមិនសុខចិត្តទេសូមប្តឹងទាមទារសំណងជំងឺចិត្ត។
ដោយឡែកអ្នកស្រីព្រំ ដានី អាយុ៣៧ឆ្នាំ ជាថៅកែហាងខារ៉ាអូខេខាងលើ បានឲ្យដឹងថាក្នុងនាមអ្នកស្រីតែងតែការពារបុគ្គលិករបស់ខ្លួន បើទោះបីអ្នកនោះមាន អំណាចបុណ្យសក្តិធំប៉ុនណាក៏ដោយ អ្នកស្រីត្រូវតែការពារជានិច្ច។ អ្នកស្រីសង្ឃឹមលើនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងជាពិសេសតុលាការខេត្តកំពង់ស្ពឺ នឹងជួយរកយុត្តិធម៌ដល់នារីរងគ្រោះជាក់ជាមិនខានឡើយ បើទោះបីជាជនដៃដល់ ជាជំទប់ទី១ ឃុំត្រពាំងជោរ ក៏ដោយ ចំពោះការប្រើអំពើហិង្សាមកលើនារីរងគ្រោះទន់ខ្សោយនោះ។
ជាចុងក្រោយ អ្នកស្រីសំណូមពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលកន្លងមក សម្តេចតែងតែជួយដល់នារីទន់ខ្សោយរងគ្រោះគេធ្វើបាប ហើយសម្តេច តេជោ ហ៊ុន សែន តែងតែអនុវត្តអភិក្រម ទាំង៥ ចំពោះមន្ត្រីរាជការខិលខូចលួចមាន ស្រី ប្រើអំពើហិង្សាទៅលើស្ត្រីទន់ខ្សោយជាដើម៕នរិន្ទ្រ