ជំទប់ឃុំត្រពាំងជោរវ៉ៃនារីបម្រើការខារ៉ាអូខេ ហើយគេចចេញធ្វើមិនដឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នារីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់ កើតទុក្ខមិនសុខចិត្ត រត់​ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អមលាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌បន្ទាប់​ពីបុរសម្នាក់ ជាជំទប់ទី១ ឃុំត្រពាំងជោរ បានប្រើអំពើហិង្សាទះកំផ្លៀងនាង គ្រាន់​តែ​សួរត្រូវការថែមស្រាបៀរ ឬអត់។ ហេតុការណ៍ទះកំផ្លៀងនារីខារ៉ាអូខេនេះ បានកើតឡើង
កាលពី វេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩ នៅហាងខារាអូខេ “អូរពន្លៅ ហេង​ហេង KTV” មានទីតាំង នៅតាម​ផ្លូវ៤៤ ភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនបង្កមានឈ្មោះ សន សឹម អាយុ​ជាង៣០ឆ្នាំ ដែលគេស្គាល់ ច្បាស់ថា ជា​ជំទប់ទី១ ឃុំត្រពាំងជោរ។ ចំណែកដើម​បណ្តឹង ជានារីរងគ្រោះឈ្មោះ ស ស អ អាយុ២៧ឆ្នាំ បម្រើការងារនៅហាង​ខារា៉អូខ​េយីហោ “អូរពន្លៅ ហេងហេង” មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ។
តាមនារីរងគ្រោះ បានឲ្យដឹងថា នៅ វេលាម៉ោង៧យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ជនដៃដល់ជាជំទប់ទី១ ឃុំត្រពាំង ជោរ រួមជាមួយបក្ខពួក សរុប៤នាក់ ជិះ រថយន្តឡិចស៊ីស៤៥០ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AM-1069 (រថយន្តរបស់ លោក សន សឹម) បានចូលមកផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើ បន្ទប់លេខ៧។ ពេលមកដល់ ក៏បានហៅស្រាបៀរមកផឹក ក្នុងមួយឈុតតម្លៃ២៦ម៉ឺនរៀល ហើយ​បាន​ហៅ​នារីៗចំនួន៤នាក់ អង្គុយកំដរ ដើម្បីបង្កើនការសប្បាយ ការហូបចុកច្រៀងរាំបន្តរហូតដល់ម៉ោងប្រហែល៨ និង៣០​នាទីយប់ដដែល អស់ស្រាបៀរ នាងក៏បាន​សួរនាំទៅកាន់ភ្ញៀវ (បុរស​ជាជនដៃដល់​ជំទប់ទី១)ថា បង​ថែមស្រាបៀរទៀតទេ ដោយឃើញស្រា​បៀរអស់ម្តងជាពីរដង ស្រាប់តែលោក សន សឹម បានស្ទុះមកទះ​កំផ្លៀងនាង ដែលកំពុងតែអង្គុយកំដរ មិត្តភក្តិរបស់គេនោះ ហើយក៏មានការភ្ញាក់​ផ្អើលតែម្តង។ ភ្លាមៗនោះលោកជំទប់ទី១ ឃុំត្រពាំងជោររូបនេះ បានហៅឲ្យគិតលុយ​អស់​ចំនួន២៦ម៉ឺនរៀល ហើយបានឡើង​ជិះ​រថយន្ត គេចខ្លួនបាត់ស្រមោលតែម្តង។
នារីរងគ្រោះបាននិយាយបន្តថា ភ្លាមៗ​នោះថៅកែរបស់នាង បានពឹងអ្នកជិតខាងឲ្យជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍​នគរបាលរដ្ឋបាលអមលាំងទាំងយប់តែម្តង ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យនាង ទាំងនាងគ្មានកំហុសទាល់តែ​សោះ ហើយ​ម្យ៉ាងទៀតនាងជានារីភេទ​ទន់ខ្សោយ មិន​តែ​ប៉ុណ្ណោះលោក សន សឹម មានតួនាទី​ជាជំទប់ទី១ ឃុំត្រពាំងជោរ និងជាអ្នកចេះដឹងចេះច្បាប់ទម្លាប់ប្រជា​ពលរដ្ឋក្នុងភូមិ​ចំនួន២៩ ក្នុងឃុំត្រពាំងជោរ​មិនក្រោម២​ម៉ឺននាក់ឡើយ ដែលស្គាល់​រូបលោក សន សឹម នោះ ហេតុអ្វីបានជា​មកធ្វើបាបនាង​បែបនេះទៅវិញ នាងមិនសុខ​ចិត្តទេសូមប្តឹងទាមទារសំណងជំងឺចិត្ត។
ដោយឡែកអ្នកស្រីព្រំ ដានី អាយុ៣៧​ឆ្នាំ ជាថៅកែហាងខារ៉ាអូខេខាងលើ បានឲ្យដឹងថាក្នុងនាមអ្នកស្រីតែងតែការពារ​បុគ្គលិករបស់ខ្លួន បើទោះបីអ្នកនោះមាន អំណាចបុណ្យសក្តិធំប៉ុនណាក៏ដោយ អ្នក​ស្រី​ត្រូវតែការពារជានិច្ច។ អ្នកស្រីសង្ឃឹម​លើនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ និង​ជាពិសេសតុលាការខេត្តកំពង់ស្ពឺ នឹងជួយ​រកយុត្តិធម៌ដល់នារីរងគ្រោះជាក់ជាមិនខានឡើយ បើទោះបីជាជនដៃដល់ ជា​ជំទប់​ទី១ ឃុំត្រពាំងជោរ ក៏ដោយ ចំពោះការ​ប្រើអំពើហិង្សាមកលើនារីរងគ្រោះទន់ខ្សោយនោះ។
ជាចុងក្រោយ អ្នកស្រីសំណូមពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលកន្លងមក សម្តេចតែងតែជួយដល់នារីទន់ខ្សោយរងគ្រោះគេធ្វើបាប ហើយសម្តេច តេជោ ហ៊ុន សែន តែងតែអនុវត្តអភិក្រម ទាំង៥ ចំពោះមន្ត្រីរាជការខិលខូចលួចមាន ស្រី ប្រើអំពើហិង្សាទៅលើស្ត្រីទន់ខ្សោយជាដើម៕នរិន្ទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print