កូរ៉េខាងជើង៖ នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ កូរ៉េខាងជើង បន្តបាញ់មីស៊ីល ពីដើមទៀត ដែលជាការបាញ់សាកល្បងលើកទី៦ហើយចាប់តាំងពីថ្ងៃទី ២៥ខែកក្កដា មកទល់ពេលនេះ។ កូរ៉េខាងចើង ក៏បានប្រកាសផងដែរ ថា កិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង បានបញ្ចប់ហើយ។
ក្រោយការបាញ់សាកល្បងលើកទី៦នេះ ក្រុមសន្តិសុខកូរ៉េខាងត្បូង ក៏បានកោះប្រជុំជាបន្ទាន់ទាំងព្រឹកស្តីពីការបាញ់សាកល្បងខាងលើ ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងការពារជាតិជប៉ុន ក៏បានប្រកាសផងដែរថា មិនមានការគំរាមកំហែងដល់សន្តិសុខជប៉ុនឡើយ។ ការបាញ់សាកល្បងខាងលើ គឺជាការប្រឆាំងនិងសកម្មភាពធ្វើសមយុទ្ធរបស់ អាមេរិក និងកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាសកម្មភាពប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង ។
ពាក់ព័ន្ធការបាញ់ប្រហារខាងលើ សារព័ត៌មាន Sputniknews នៅព្រឹកថ្ងៃទី១៦ ខែសីហា បានផ្សាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ ចូលទៅកាន់ដែនសមុទ្រ នាភាគខាងកើត ឬអ្វីដែលគេស្គាល់ថា សមុទ្រជប៉ុន ។ នេះជាការបាញ់សាកល្បងមីស៊ីលជាថ្មីបន្ថែមទៀតរបស់រដ្ឋឯកោកូរ៉េខាងជើង។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ មក រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ហើយមីស៊ីលទាំងនោះ សុទ្ធតែជាមីស៊ីលប៉ាល្លិស្ទិក រយៈចម្ងាយខ្លី ។ ការបាញ់ថ្មីៗនេះត្រូវគេរាយការណ៍ថា កើតឡើងចំពេលដែលសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងកំពុងប្រព្រឹត្តទៅ ចាប់ផ្តើមពីថ្ងៃទី៥ ខែសីហា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានថ្លែងថា កូរ៉េខាងជើងបាញ់មីស៊ីលមិនស្គាល់ភិនភាគ ចំនួនពីរគ្រាប់ នៅជិតទីក្រុង Tongchon ខេត្ត Kangwon ទៅកាន់សមុទ្រខាងកើត ឬដែលស្គាល់ថា សមុទ្រជប៉ុន ។
សេចក្តីថ្លែងការណ៍ដដែល ត្រូវបានប្រភព AFP ដកស្រង់ចុះផ្សាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះថា យោធាកូរ៉េខាងត្បូង កំពុងត្រួតពិនិត្យស្ថានការណ៍នេះ ខ្លាចក្រែងមានការបាញ់ប្រហារបន្ថែមទៀត ខណៈត្រៀមលក្ខណៈចំពោះឥរិយាបថទាំងនេះ ។
បើទោះបីកូរ៉េខាងជើងនៅតែមានសកម្មភាព ឌឺដង តែប្រធានាធិបតី កូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន សន្យានឹងបង្រួបបង្រួមឧបទ្វីបកូរ៉េនៅឆ្នាំ២០៤៥។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ីន បានប្រកាសសន្យាថា លោកនឹង បង្រួប បង្រួមឧបទ្វីបកូរ៉េនៅឆ្នាំ២០៤៥ មានន័យថាការបង្រួមបង្រួមក្រោយសង្ក្រាមលោកលើកទីពីរបានបញ្ចប់គ្រប់១០០ឆ្នាំ។
នៅទិវា៧៤ឆ្នាំថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរ (១៥/៨/១៩៤៥-១៥/៨/២០១៩) ប្រធានាធិបតីម៉ូនជេអ៊ីន បាន ប្រកាសថាកូរ៉េខាងត្បូង ពិតជារីករាយដែលបានរួមចំណែកធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មប្រទេសទាំងពីរ ល្អប្រសើរឡើងវិញ។
ជាមួយគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឲ្យពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ ។ លោកម៉ូនជេអ៊ីន ក៏បានអំពាវានាវដល់អាមេរិក និងកូរ៉េខាងជើង រៀងចំជំនួបពិភាក្សាលើកទី៤ឲ្យបានឆាប់បំផុត។ លោកត្រាំ និង គីម ជុងអ៊ុន បានជួបពិភាក្សាគ្នា ៣លើករួចមកហើយ នៅសឹង្ហបុរីនាថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ លើកទីពីរនៅទីក្រុងហាណូយប្រទេសវៀតណាមថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ ២០១៩ និង លើកទី៣ នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៩នៅព្រំដែន dmz រវាងកូរ៉េខាងត្បូននិងខាងជើង ។
លោកម៉ុនជេអ៊ីន បានបញ្ជាក់ថា នៅពេលនេះ ទាំងអាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាំបាច់ត្រូវតែរៀបចំជំនួបពិភាក្សាឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។លោកម៉ូន បញ្ចាក់ថា នេះជាពេលវេលាដែលត្រូវរំសាយបរមាណូនិង បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស៊ីជម្រៅ ជាមួយកូរ៉េខាងជើង ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព ឧបទ្វីបកូរ៉េនោះ៕
ដោយ៖ មែវ សាធី