អគាររដ្ឋាភិបាលនៅតំបន់​ West Papua ​ឥណ្ឌូនេស៊ី ត្រូវក្រុមបាតុករដុតបំផ្លាញ 

ចែករំលែក៖

ពលរដ្ឋឥណ្ឌូនេស៊ី​បង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ ដោយនាំគ្នាធ្វើបាតុកម្ម ស្ថិតនៅរដ្ឋធានី Manokwari របស់ West Papua ប្រទេសឥណ្ឌូនេស៊ីនោះ ក្រុមបាតុករ​បានដុត​អគាររដ្ឋសភា និងហាងលក់ទំនិញ​នៅក្នុងតំបន់ ។

បាតុកម្ម​ហិង្សា​បានផ្ទុះឡើង​ទ្រង់ទ្រាយធំ​ នៅតំបន់ West Papua របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។ បាតុកម្ម​នេះ ក្រុមបាតុករ​បានសម្តែងការខឹងសម្បា​ចំពោះ​ប៉ូលិស ដែលរងចោទថា បានធ្វើទារុណកម្ម​រំលោភជិះជាន់​ប្រឆាំង​និស្សិតជនជាតិភាគតិច​នៅ​តំបន់ Papua ។ ក្រុមបាតុករ​បានដុត​អគារ​ជាច្រើន​កន្លែង ព្រមទាំងបិទផ្លូវ​ផងដែរ ។ 

លោក Dedi Prasetyo អ្នកនាំពាក្យ​ប៉ូលិសជាតិឥណ្ឌូនេស៊ី​ថ្លែងថា អគារ​ដែលកាន់កាប់​ដោយ​អភិបាល​ខេត្ត Dominggus Mandacan នៅ West Papua ត្រូវរងនូវការដុតបំផ្លាញផងដែរ ។ ប៉ុន្តែ​នៅពេលនេះ មិនទាន់មានរបាយការណ៍​បញ្ជាក់​អំពី​អ្នកស្លាប់ ឬរងរបួសនោះឡើយ ខណៈដែលបាតុកម្ម​កំពុងប្រព្រឹត្តទៅ ។ 

បាតុករ​ភាគច្រើន​ជាក្រុមនិស្សិត​វ័យក្មេង គ្រវីទង់ជាតិ មានរូប «ផ្កាយព្រឹក» ដែលជានិមិត្តរូប​​មួយ ខ្លួនគ្រប់គ្រងដោយខ្លួនឯង​របស់ប្រជាជននៅតំបន់ Papuaនោះ ។ បាតុករ​ម្នាក់ស្រែកថា យើងមិនមានពណ៌ស ឬ​ពណ៌​ក្រហមនោះទេ យើងគឺជា ផ្កាយព្រឹក ដោយយោងទៅលើ​ទង់ជាតិរបស់ឥណ្ឌូនេស៊ី និងនិមិត្តសញ្ញា​របស់ប្រជាជនតំបន់ Papua ។ ជនទាំងឡាយ​ណាដែល​កាន់ ឬគ្រវី​ទង់​ ឬនិមិត្តសញ្ញា​ដែលហាមឃាត់នេះ អាចប្រឈមការចាប់ខ្លួន និងដាក់គុក១៥ឆ្នាំ ។  

នៅទីក្រុង Jayapura ទីក្រុងធំបំផុត​នៅ Papua ដែលជាខេត្ត​ភាគខាងកើត​បំផុត​របស់ឥណ្ឌូនេស៊ី​នោះ មានការដង្ហែក្បួនបាតុកម្ម​ផងដែរ ។ មនុស្សរាប់រយនាក់​បើកបរម៉ូតូ​ចូលរួម​ការតវ៉ានេះ ។ បាតុករខ្លះ​ទម្លាក់ទង់​ជាតិ​ឥណ្ឌូនេស៊ី​ស្ថិតនៅ​ខាងក្រៅអគារការិយាល័យ​អភិបាលខេត្ត Lukas Enembe ផងដែរ ។ 

តំបន់ West Papua របស់ឥណ្ឌូនេស៊ី​ត្រូវបានបែងចែក​ជាពីរខេត្ត គឺខេត្ត West Papua មួយ និងខេត្ត Papua មួយ ។ បាតុកម្ម​នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានផ្ទុះឡើង ក្រោយការចាប់ខ្លួន​កាលពីសប្តាហ៍​មុន​ និស្សិត​ភាគតិច​ Papua ដែលរស់នៅ​តំបន់ Surabaya និងនៅ Malang លើដែនកោះ ជ្វា (Java) ។ 

និស្សិតទាំងនោះរងចោទប្រកាន់ពីបទ​បោះទង់ជាតិ​ឥណ្ឌូនេស៊ី​ចូលក្នុងលូ ។ ការចោទប្រកាន់នេះ ត្រូវបាននិស្សិតទាំងនោះ​ច្រានចោល​ ។ និស្សិត​ទាំងនេះ​ក៏បាន​បញ្ជាក់ថា ក្រុមប៉ូលិស​បានចាក់សោអន្តេវាសិកដ្ឋានរបស់និស្សិត Papua ហើយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក​ នៅតាមបន្ទប់របស់ពួកគេ ។ សារព័ត៌មាន​ឥណ្ឌូនេស៊ី​ឈ្មោះ Tirto ក៏ដូចបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងទៀត​​ផ្សាយថា និស្សិតទាំងនោះ​ជាកម្មវត្ថុ​នៃការ​រំលោភ​បំពាន រើសអើងពូជសាសន៍ ។ ពួកគេត្រូវបានគេហៅថា «អាស្វា» ដោយ​ពួកអ្នកឈរមើល នៅពេល​ក្រុមប៉ូលិស​ឡោមព័ទ្ធ​ពួកគេនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print