ខេត្តកំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣របស់ក្រុមប្រឹក្សា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ អង្គប្រជុំបានលើកយកករណីមិនប្រក្រតីមួយដែលបានលើកឡើងថា «មានគ្លីនីកឯកជនមួយចំនួន កំពុងប្រើប្រាស់រូបភាពដើរតួឲ្យក្រុមគួកជេរដឹកអ្នកជំងឺទៅកាន់គ្លីនីករបស់ខ្លួន ខណៈដែលអ្នកជំងឺមានបំណងពិតមករកសេវានៅមន្ទីរពេទ្យរដ្ឋ» ។ កិច្ចប្រជុំយោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ ជាអ្នកជំងឺ ដែលបានមករកសេវានៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវក្រុមគួកជេរបានអូសទាញឲ្យពួកគាត់ទៅរកសេវាគ្លីនីកឯកជនវិញ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីលោក លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ នេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន៧មកពិភាក្សាដូចខាងក្រោមនេះ ៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣ ។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣ ។
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅ ប្រចាំខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាល ខេត្តកំពង់ចាម ។
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាល ខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។
៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត កំពង់ចាម ។
៦.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ជូនសមាជិក ក្រុមប្រឹក្សាខេត្តកំពង់ចាម និង៧.បញ្ហាផ្សេងៗ ផងដែរ ។
ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានស្នើឲ្យស្ថាប័នជំនាញ ចុះស្រាវជ្រាវលើគ្លីនីកឯកជនមួយចំនួន ដែលប្រើប្រាស់រូបភាព ឲ្យក្រុមគួកជេរ ដឹកអ្នកជម្ងឺ ទៅកាន់គ្លីនីករបស់ខ្លួន ខណៈដែលអ្នកជំងឺ ដែលមានបំណងពិតមករកសេវានៅមន្ទីរពេទ្យរដ្ឋនោះ ។ លោកអភិបាលបន្តថា ការប្រើរូបភាពខាងលើនេះ បើទោះមានលក្ខណៈសាមញ្ញៗក៏ពិតមែន ប៉ុន្តែវាបង្កើតនូវភាពអាណាធិបតេយ្យ តាមរយៈការបង្កើតសេវាយកកម្រៃ ដែលប្រឆាំងទៅនឹងសេវារដ្ឋបាលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេស គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមន្ត្រីរាជការ ខិតខំយកចិត្តទុកដាក់បំរើសេវាឲ្យបានល្អ និងប្រកបដោយគុណភាព ។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា យើងមិនត្រូវឲ្យមានរូបភាពបែបនេះ មានបន្តទៀតឡើយ ។ ដូច្នេះ សូមឲ្យស្នងការដ្ឋាននគរបាលខេត្ត ដាក់កម្លាំងពិនិត្យមើល រូបភាព អានាធិបតេយ្យ នៅតាមចំណុចសំខាន់ៗ ដូចជាចំណតរថយន្ត និងនៅខាងមុខមន្ទីរពេទ្យជាដើម ។
ជាមួយគ្នានោះក៏សូមឲ្យស្នងការដ្ឋាននគរបាលខេត្ត សហការ ជាមួយមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ចុះពិនិត្យមើលគ្លីនីកមួយណា ដែលប្រើប្រាស់រូបភាព ឲ្យក្រុមម៉ូតូឌុប កង់បី និងក្រុម Pass App ធ្វើសកម្មភាពយ៉ាងដូច្នេះ ដើម្បី ឈានទៅចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់ ចំពោះ គ្លីនីកនោះ ផងដែរ ៕ ដោយ ៖ វណ្ណៈ