អត្តឃាតឬឃាតកម្មមិនទាន់ដឹង ខណៈមួយគ្រួសារស្លាប់ពីរនាក់ និងម្នាក់ទៀតបញ្ជូនទៅសង្គ្រោះបន្ទាន់ អាការៈសង្ស័យត្រូវថ្នាំបំពុល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្សពីរនាក់ឪពុកនិងកូនបានដាច់ខ្យល់ស្លាប់ ខណៈស្ត្រីជនរងគ្រោះទី៣ត្រូវបានដឹក​យកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ករណីនេះបានភ្ញាក់ផ្អើល បន្ទាប់ពីសមត្ថកិច្ចបានចុះទៅពិនិត្យនៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង៨ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ឲ្យដឹងថា  ក្រោយបានទទួលព័ត៌មានថា នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានមនុស្សដេកស្លាប់ក្នុងផ្ទះដែលមានចាក់សោរជាប់ពីខាងក្នុង ។ ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ បានកាត់សោរចូលទៅក្នុងផ្ទះ ឃើញមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុកនិងកូនស្រី) ចំណែកម្តាយនៅមានដង្ហើមក៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ផ្អែកតាមការពិនិត្យសពនិងស្ថានភាពនៅកន្លែងកើតហេតុ សមត្ថកិច្ចដាក់ការសង្ស័យជាបឋមអាចជាករណីធ្វើអត្តឃាត (ដោយដាក់ថ្នាំពុលក្នុងអាហារ) និងតាមការស្រាវជ្រាវស្វែងយល់អំពីក្រុមគ្រួសារមួយនេះបញ្ជាក់ថា គ្រួសាររស់នៅមិនចុះសម្រុងនឹងគ្នា ។

សមត្ថកិច្ចបានឲ្យដឹងអត្តសញ្ញាណជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះ ខេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មេការជាងកញ្ចក់ ត្រូវជាប្តី (ស្លាប់) ,២-ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់),៣-ឈ្មោះ ម៉ឹង សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ) ។

ជុំវិញករណីនេះ  សមត្ថកិច្ចបញ្ជាក់ថា មានមូលហេតុ៣ដែលត្រូវបានរកឃើញ  ទី១៖ ជាតិថ្នាំក្នុងអាហារ ដែល ជនរងគ្រោះទទួលទាន, ទី២៖ ផ្ទះចាក់សោខាងក្នុង និងទី៣៖ ប្ដីប្រពន្ធនេះតែងតែឈ្លោះគ្នា (រស់នៅមិនសូវចុះសម្រុង) ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print