ការសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន ក្នុងនោះមានយន្តហោះចម្បាំង F-16 រហូតដល់៦៦គ្រឿង មិនខ្វល់ពីការព្រមានរបស់ចិន បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ ក្រសួងការបរទេសអាមេរិក បានអនុម័តជាផ្លូវការហើយលើការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿង ឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ។
យោងតាមក្រសួងការបរទេសអាមេរិក តៃវ៉ាន់នឹងទទួលបានយន្ដហោះចម្បាំង F-16 ជំនាន់ចុងក្រោយ ៦៦គ្រឿង ក្នុងតម្លៃជាង៨ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ ប៉ុន្តែ ក្រសួងមួយនេះមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទប្រគល់នោះទេ ខណៈចិនព្រមានថាការលក់យន្ដហោះចម្បាំង ឬអាវុធឱ្យកោះតៃវ៉ាន់ គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ចិន ពីព្រោះតៃវ៉ាន់ គ្រាន់តែខេត្តមួយរបស់ចិនប៉ុណ្ណោះ ។
គួរបញ្ជាក់ថា យោធាតៃវ៉ាន់ សង្ឃឹមយ៉ាងមុតមាំថា យន្ដហោះចម្បាំង F-16 នឺងជួយពង្រឹងសមត្ថភាពការពារជាតិ ជាពិសេសគឺដែនអាកាស ទប់ទល់នឹងការគំរាមកំហែង ឬការវាយប្រហារណាមួយ ពីសំណាក់យោធាចិន ដែលតែងតែព្រមានជារឿយពីការប្រើប្រាស់កម្លាំងយោធាវាយចូលកោះតៃវ៉ាន់។
យោងតាមប្រភពព័ត៌មាន Sputnik ចុះផ្សាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានចេញសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានសម្រេចយល់ព្រមលក់អាវុធ និងយន្តហោះចម្បាំង 66 F-16C/D Block 70 ទៅឲ្យកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់៨ពាន់លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍នេះ បានចេញផ្សាយ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ក្រសួងការពារជាតិ បានសម្រេចយល់ព្រមលក់យន្តហោះចម្បាំង 66 F-16C/D Block 70 ព្រមទាំងគ្រឿងបរិក្ខារបស់វា ឲ្យទៅតៃវ៉ាន់ TECRO (ការិយាល័យតំណាងវប្បធម៌ និងសេដ្ឋកិច្ចតៃប៉ិ) ក្នុងតម្លៃ៨ពាន់លានដុល្លារអាមេរិក ។
ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការការពារជាតិ បានផ្តល់ជូនដំណឹងនេះដល់សភាអាមេរិករួចហើយ អំពីការដែលអាចលក់អាវុធទាំងនោះ។
យោងតាមសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា ការលក់អាវុធនេះ ជួយដល់ផលប្រយោជន៍ជាតិ, សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួន និងរក្សានូវសមត្ថភាពការពារគួរឲ្យទុកចិត្តបាន។
ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ក៏បានថ្លែងផងដែរថា គម្រោងលក់អាវុធនោះ នឹងជួយឲ្យមានស្ថិរភាពនយោបាយ, តុល្យភាពយោធា និងសេដ្ឋកិច្ចរីកចម្រើន នៅក្នុងតំបន់ ។
ទោះជាយ៉ាង អ្នកតំណាងរាស្ត្រអាមេរិកខ្លះ បានរិះគន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលពន្យារពេលបោះឆ្នោត ដើម្បីចៀសវាងការបង្កមហន្តរាយដល់កិច្ចពិភាក្សាពាណិជ្ជកម្ម រវាងអាមេរិក និងចិន ៕