ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលនឹងសាទរដល់តារាសម្ដែងកម្ពុជាវ័យក្មេងកម្ពុជាលោក ស័ក្ដ ចាដេត ដែលបានលេខមុខក្នុងភាពយន្តថ្មីរបស់ទូរទស្សន៍ថៃមួយក្រោមចំណងជើង «BANGKOK BUDDIES»។ ការសម្តែងក្នុងភាពយន្តនេះក្រោយពីតារារូបនេះបានចុះកុងត្រាជាមួយផលិតកម្មដ៏ធំមួយនៅថៃគឺ GMM Grammy ។
ផលិតកម្មយក្សរបស់ប្រទេសថៃ GMM Grammy បានសម្រេចចិត្តជ្រើសរើសតារាជំនាន់ថ្មី៥នាក់ដែលមកពីបណ្តាប្រទេស៥ផ្សេងគ្នាគឺមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលក្នុងនោះសិល្បករទាំងអស់មានឱកាសចុះកិច្ចសន្យាចំនួន៥ឆ្នាំ និងទទួលបានការថតភាពយន្តមួយចំនួនដែលផលិតកម្មធំនៅប្រទេសថៃនេះនឹងផលិត។ តារាខ្មែរ ស័ក្ដ ចាដេត អាចដណ្តើមបានកៅអីមួយក្នុងចំណោមកៅអីដែលតារាក្នុងតំបន់ចង់បាន។ មិនត្រឹមតែមានសមត្ថភាពផ្នែកសិល្បៈមួយមុខទេ ចាដេត នៅមានរូបរាងស្អាតសង្ហា មុខមាត់មានមន្តស្នេហ៍គួរឱ្យស្រឡាញ់ ស័ក្ដិសមបំផុតជាមួយខ្សែភាពយន្តបែបយុវវ័យៗ ។
ជាមួយនឹងរូបរាងស្រស់សង្ហា បូករួមទាំងសមត្ថភាពសម្ដែងពីធម្មជាតិ ស័ក្ដ ចាដេត ក៏កំពុងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលធ្វើឱ្យប្រជាប្រិយភាពរបស់តារាប្រុសវ័យក្មេងរូបនេះ ហក់ឡើងគួរឲ្យចាប់អារម្មណ៍។ ក្រៅពីរូបសម្បត្តិនិងទេពកោសល្យ តារារូបនេះក៏មានចំណេះដឹងខ្ពស់គួរកោតសរសើរ ដែលថ្មីៗនេះលោក ទើបនឹងបញ្ចប់ការសិក្សាជំនាញបរិញ្ញាបត្រនាសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។
ទន្ទឹមនឹងទទួលបានឱកាសដ៏ល្អកម្ររកបាននេះ លោក ចាដេត ក៏បានបង្ហើបផងដែរថា ក្រៅពីលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ថតរឿងភាគថ្មីបែបយុវវ័យឲ្យ GMM Brova ជាមួយតារាមកពី ៤ប្រទេសផ្សេងគ្នានេះហើយ លោកនឹងបន្តចាប់យកអាជីពជា តារាចម្រៀង និង Rap ឲ្យផលិតកម្មយក្សមួយនេះទៀតផងដែរ៕ ដោយ វឌ្ឍនា