ជនជាប់ចោទ​អតីត​ឧកញ៉ា​សុខ​ ប៊ុ​ន​ ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ មិន​ទាន់​មាន​ពន្លឺ​ពី​ចៅក្រម​ស៊ើបសួរ

ចែករំលែក៖

​ភ្នំពេញ​៖​ ជនជាប់ចោទ​អតីត​ឧកញ៉ា​សុខ​ ប៊ុ​ន​ ជា​សេដ្ឋី​អចលនទ្រព្យ​មួយ​រូប​ ប៉ុន្តែ​មិន​មាន​សេចក្តី​ថ្លៃថ្នូរ​បាន​ប្រើ​អំពើ​ដ៏​សាហាវឃោរឃៅ​វាយ​ធ្វើបាប​ទៅ​លើ​កញ្ញា​ សា​សា​ អតីត​ពិធី​ការិនី​ទូរទស្សន៍​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់​សម្លាប់​ ក៏​ដូច​ជា​អំពើ​ព្រៃផ្សៃ​វាយ​ លោត​ធាក់​ និង​ចាប់​សម្រាត​ផ្អើល​ពាស់ពេញ​ប្រទេស​ ត្រូវ​បាន​គេ​ដឹង​ថា​ កំពុង​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ ដើម្បី​ព្យាបាល​ជំងឺ​ ។​

​បើ​តាម​ការ​អះអាង​ពី​មេធាវី​តំណាង​ឲ្យ​ជនជាប់ចោទ​ប្រាប់​កាសែត​ក្នុងស្រុក​ថា​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ ដោយសារ​កូនក្តី​របស់​ខ្លួន​មាន​បញ្ហា​សុខភាព​ ជំងឺ​ បណ្តាល​មក​ពី​អារម្មណ៍​តានតឹង​ និង​ជំងឺលើសឈាម​ ក្នុង​នោះ​ លោក​មេធាវី​ យិ​ន​ សុធី​ បាន​ដាក់​សំណើសុំ​ផ្ទេរ​ជនជាប់ចោទ​សុខ​ ប៊ុ​ន​ ពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​នៃ​ពន្ធនាគារ​ព្រៃ​ស​ មក​មន្ទីរពេទ្យ​ខាងក្រៅ​ ប៉ុន្តែ​ ការ​ស្នើ​សុំ​នេះ​ លោក​ លាង​ សំណាត​ ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ក្តី​នេះ​ នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ​ និង​មិន​ទាន់​បិទ​ការ​ស៊ើបអង្កេត​ផង​ដែរ​ ។​

​ទ​ង្វើ​ដ៏​ព្រៃ​ផ្រៃ​របស់​ជនជាប់ចោទ​ សុខ​ ប៊ុ​ន​ វាយប្រហារ​ទាត់​ធាក់​ បោច​សក់​ ចាប់​សម្រាត​ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់​សម្លាប់​ កុំ​ថា​ឡើយ​តែ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​ និង​មន្ត្រីរាជការ​ ក្នុង​នោះ​ សូ​ម្បី​តែ​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ប្រតិកម្ម​ និង​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ ប្រយោជន៍​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​គឺ​កញ្ញា​ សា​សា​ ។​

​អំពើ​ដ៏​ឃោរឃៅ​នេះ​ ទាំង​កញ្ញា​ សា​សា​ និង​ឪពុក​ម្តាយ​ ផង​ដែរ​ ពុំ​បាន​ទាមទារ​សំណង​ណាមួយ​ពី​ជនល្មើស​ដោយ​សំណូមពរ​ឲ្យ​តុលាការ​ធ្វើ​តាម​នីតិវិធី​ ។​

​ជនជាប់ចោទ​អតីត​ឧកញ៉ា​ សុខ​ ប៊ុ​ន​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជ្នក​មាន​ស្តុកស្តម្ភ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បាត់បង់​នូវ​សេចក្តី​ថ្លៃថ្នូរ​ដ៏​ធំធេង​ បន្ទាប់​ពី​គាត់​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កញ្ញា​ សា​សា​ គ្រា​ដែល​ជន​រង​គ្រោះ​ការពារ​មិត្តភក្តិ​របស់​ខ្លួន​ដែល​ជានា​រី​ជនជាតិ​ជប៉ុន​ ប្រឈម​នឹង​ការ​រង​គ្រោះ​ដោយ​សុខ​ ប៊ុ​ន​ ចាប់រំលោភ​ ក្នុង​នោះ​ មុន​ពេល​កើតហេតុ​ អតីត​ឧកញ៉ា​ សុខ​ ប៊ុ​ន​ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​នារី​ជនជាតិ​ជប៉ុន​ ដែល​ជា​មិត្តភក្តិ​របស់​ កញ្ញា​ សា​សា​ ធ្វើ​ឲ្យ​នាង​ស្រែក​ទ្រ​ហ៊ោ​យំ​ និង​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃ​ជនល្មើស​ និង​ពី​សេដ្ឋី​ព្រាននារី​ ។​ ការ​ជួយ​អន្តរាគមន៍​ពី​កញ្ញា​ សា​សា​ ទើប​ធ្វើ​ឲ្យ​សុខ​ ប៊ុ​ន​ ផ្ទុះ​នូវ​កំហឹង​ ចេញ​មក​វាយ​ធ្វើបាប​ ទាត់​ធាក់​ ទះកំផ្លៀង​ បោច​សក់​ យក​ជើង​ធាក់​ទម្រាំ​លើ​ដើមទ្រូង​ ចាប់​សម្រាត​ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​ដក​កាំភ្លើង​បាញ់​សម្លាប់​ ។​ កញ្ញា​ សា​សា​ បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ អាច​ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​ ហើយ​អ្វី​ដែល​សមត្ថកិច្ច​ និង​តុលាការ​មាន​ចំណាត់ការ​ចាប់​ជនល្មើស​ ដាក់​ឃុំ​បណ្តោះអាសន្ន​មក​ទល់​នឹង​ពេល​នេះ​ ពិតជា​មានការ​គាំទ្រ​ និង​ចាត់​ទុក​ថា​ កំណែទម្រង់​ប្រព័ន្ធ​តុលាការ​កំពុង​តែ​មាន​និ​រ​ន្ទ​រ​ភាព​ ។​

​គេ​មាន​ជំនឿ​ថា​ តាម​រយៈ​អង្គហេតុ​របស់​សកម្មភាព​សុខ​ ប៊ុ​ន​ ពិតជា​មិន​អាច​ចៅក្រម​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​បាន​ឡើយ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​មេធាវី​ការពារ​ជនជាប់ចោទ​អតីត​ឧកញ៉ា​ សុខ​ ប៊ុ​ន​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​ ប៉ុន្តែ​សមត្ថកិច្ច​បាន​និយាយ​ថា​ ការ​លើក​ហេតុផល​ពី​បញ្ហា​ជំងឺ​របស់​ជនជាប់ចោទ​ករណី​ខ្លះ​គ្រាន់តែ​ជា​នីតិវិធី​ដើម្បី​ឲ្យ​មានការ​យល់ព្រម​ដោយ​ចៅក្រម​ស៊ើបសួរ​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ជនជាប់ចោទ​ជា​ច្រើន​មិន​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ព្យាបាល​ជំងឺ​នៅ​ខាងក្រៅ​គេច​ផុត​ពី​រង្វង់​សមត្ថកិច្ច​របស់​មន្ត្រី​ពន្ធនាគារ​ការពារ​នោះ​ឡើយ​ ដូច្នេះ​ អ្វី​ដែល​ចៅក្រម​ស៊ើបសួរ​ មិន​អនុញ្ញាត​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​ខាងក្រៅ​ពន្ធនាគារ​ អាច​នឹង​មាន​មូល​ក​ភាព​ ត្រឹមត្រូវ​ ៕​

ដោយ៖ សុខ​ ខេមរា​ 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print