ភ្នំពេញ៖កាលពីថ្ងៃទី២២ ខែសីហា ម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដាច់ណាត់ គឺហាមមិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន នគរបាល និង កងរាជអាវុធហត្ថ មានងារជា “ឧកញ៉ា” តទៅទៀតឡើយ ដែលកន្លងមកមានមួយចំនួនបានយកតួនាទីទាំងនេះទៅប្រកបការងារផ្សេងៗខុសច្បាប់។
ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា នេះ ថា “ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្ត “អភិក្រមទី៥” ដែលបានដាក់ចេញនៅក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់”។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយអំពីករណីពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើ គឺត្រូវអនុវត្តការបង្កកនិងរឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិទាំងនោះតែម្តង៕ ចេស្តា