ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបញ្ជាក់ជូនសាធារណជនបានជ្រាបថា លោក ថេង សាវៀត មិនមែនជាអ្នកតំណាងឱ្យសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជា ហើយការអះអាងនៅក្នុងកម្មវិធីវិទ្យុអាស៊ីសរី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ គឺជាការបញ្ចេញមតិយោបល់ និងការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះ មិនមែនជាមតិយោបល់បញ្ជាក់ពីជំហររបស់សហគមន៍កសិកម្មឡើយ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងនៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩នេះ ដែលអង្គភាពព័ត៌មាននគរដ្រេហ្គនទទួលបាននៅមុននេះ ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ជូនយ៉ាងដូច្នេះថា «កន្លងមកសហគមន៍អឺរ៉ុបបានដាក់វិធានការការពារទីផ្សារលើអង្ករកម្ពុជារួចទៅហើយ ដោយចាប់ផ្តើមយកពន្ធលើអង្កររបស់កម្ពុជា ដែលនាំចូលទៅកាន់សហគមន៍អឺរ៉ុបសម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។ ការយកពន្ធនាំចូលអង្កររបស់កម្ពុជាចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ តទៅ។ ដោយឆ្នាំដំបូងពន្ធត្រូវបង់មានចំនួន១៧៥អឺរ៉ូ ក្នុង១តោន ឆ្នាំទី២ ត្រូវបង់១៥០អឺរ៉ូ ក្នុង១តោន និងឆ្នាំទី៣ ត្រូវបង់១២៥អឺរ៉ូ ក្នុង១តោន។ ការដាក់វិធានការការពារទីផ្សារនេះ បានធ្វើឱ្យតម្លៃអង្ករកម្ពុជានៅលើទីផ្សារសហគមន៍អឺរ៉ុប មានការកើនឡើងបន្ថែមទៀត ដែលបង្កើនការដាក់សម្ពាធមួយកម្រិតដល់ការប្រកួតប្រជែងទីផ្សារ។
សេចក្តីប្រកាសបានអះអាងទៀតថា ក្នុងស្ថានភាពនៃការដាក់វិធានការទីផ្សារលើការនាំចូលអង្គរទៅសហគមន៍អឺរ៉ុប ការពង្រឹងនិងពង្រីកសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសការកាត់បន្ថយថ្លៃដើមគឺជាកត្តាចាំបាច់បំផុត។ រាជរដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់ធុរកិច្ចស្រូវអង្ករ ពិសេសការជួយអន្តរាគមន៍បន្ទាបថ្លៃដើមផលិតកម្ម កែច្នៃ ឡូជីស្ទីក ដើម្បីឱ្យអង្ករកម្ពុជាអាចប្រកួតប្រជែងទីផ្សារបាន ដែលវិធានការជាក់លាក់ទាំងនោះត្រូវបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនសម្រាប់អនុវត្តបន្ទាន់រួចហើយ ជាពិសេសការជំរុញឱ្យបានខ្លាំងក្លាបន្ថែមទៀតនូវវិធានការបច្ចេកទេសផលិតកម្មដែលទទួលបានទិន្នផលខ្ពស់ និងចំណាយតិច។ ជា មួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានយកចិត្តទុកដាក់ជំរុញឱ្យសមាគមន៍ម៉ាស៊ីនកិនស្រូវខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើឱ្យទីផ្សារអន្តរជាតិផងដែរ ៕