សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការ និងសម្តែងការគួរសម ក្នុងឱកាសជម្រាបលា របស់ លោកស្រី Elena EDGAR ភរិយាឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងសម្តែងការគួរសម ក្នុងឱកាសជម្រាបលា របស់ លោកស្រី Elena EDGAR ភរិយាឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលចប់អាណត្តិ ហេីយដែលជំនួបនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងបរិយាកាសដ៏សោមនស្សរីករាយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Elena EDGAR និងបានរំលឹកពីអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលបំពេញបេសកកម្មការទូតរបស់ លោក George EDGAR អស់រយៈពេល ៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើតាមរយៈលោកជំទាវ Elena EDGAR សូមថ្លែងអំណរគុណចំពោះ លោក George EDGAR ដែលបានជួយជ្រោមជ្រែង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងនាមលោកដែលជាមន្ត្រីការទូតរបស់សហភាពអឺរ៉ុប បានបង្ហាញពីភាពច្បាស់លាស់ និងតថភាពរបស់ប្រទេសកម្ពុជាថាពិតជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងសូមជូនពរលោកអគ្គរដ្ឋទូតនិងលោកជំទាវ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងក្នុងពេលបំពេញបេសកម្មការទូតនៅប្រទេសដទៃទៀត។

ជាមួយគ្នានេះ លោកស្រី Elena EDGAR ក៏បានថ្លែងនូវការកោតសរសើរ ជាពិសេសចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួនចុះសួរសុខទុក្ខដោយផ្ទាល់ និងជួយ​សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដែលសកម្មភាពទាំងអស់នេះ លោកជំទាវតែងតែតាមដានជាប់ជានិច្ចតាមរយៈ​សារព័ត៌មាននានា ឬគេហទំព័ររបស់កាកបាទក្រហមកម្ពុជា​។

សូមបញ្ជាក់ថា ៖ ពីឆ្នាំ ២០០១-២០១១ កាកបាទក្រហមកម្ពុជា បានទទួលជំនួយពីការិយាល័យមនុស្សធម៌របស់សហគមន៌អឺរ៉ុប (អេកូ ECHO) និង (ឌីប៉េកូ DIPECHO) តាមរយៈ​សហគមន៍អឺរ៉ុបនូវថវិកាសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍នៅតាមខេត្តចំនួន ៩ (កំពង់ចាម ព្រៃវែង កណ្តាល កំពត កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ) នូវថវិកាសរុបជាង ២លាន​យូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ១៨,៤៤១​គ្រួសារ។ ឆ្នាំ ២០១១-២០១២ គម្រោងជួយជន​រងគ្រោះ​ដោយទឹកជំនន់នៅ ៤ខេត្ត (កំពង់ធំ កំពង់ចាម ព្រៃវែង និងកណ្តាល) មានទឹកប្រាក់ជាង ៨៦ម៉ឺនយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន​ ៩,៩០០គ្រួសារ។ ឆ្នាំ ២០១៦-២០១៧ គម្រោងកសាងភាពធន់នៅខេត្តបន្ទាយមានជ័យមានទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ សម្រាប់គ្រួសារទទួលផលចំនួន​ ៣,០៤១គ្រួសារ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print