ប្រទេសប្រេសុីល៖ ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូនបានរាលដាល់ខ្លាំងឡើង បង្កក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់ផែនដីដោយសារតែ ព្រៃអាម៉ាហ្ស៊ូនត្រូវបានពិភពលោកចាត់ទុកថាជា សួតនៃផែនដី។
ក្រោយពេលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលប្រេស៊ីលបានសម្រេចបញ្ជូនទាហាន ៤៣ពាន់នាក់និងយន្តហោះ ទៅពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្ស៊ូន។ ព្រៃអាម៉ាហ្សូន ត្រូវបានចាត់ទុកថាជា «សួតបៃតង នៃផែនដី» ហើយនៅឥឡូវ ព្រៃដ៏ធំរបស់ពិភពលោកមួយនេះ កំពុងតែរងការបំផ្លាញ ដោយសារភ្លើងឆេះព្រៃ។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៦ ខែសីហា នេះ បានផ្សាយថា «ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបើកភ្លើងខៀវ ឲ្យកម្លាំងទាហាន ចូលរួមពន្លត់ភ្លើងឆេះព្រៃ។ ប៉ុន្ដែរហូតមកទល់នាថ្ងៃទី២៥ ខែសីហា នេះ ភ្លើងបានឆាបឆេះរាលដាល រហូតដល់ទៅ៨ម៉ឺនកន្លែង នៅទូទាំងព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល។
នៅពេលនេះរ ដ្ឋាភិបាលប្រេស៊ីល បានបញ្ជូនយន្តហោះដឹកជញ្ជូនពីរគ្រឿង និង ទាហាន៤៣ពាន់នាក់ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន។ យន្តហោះដឹកជញ្ជូន ប្រភេទ C-130 Hercules អាចនាំទឹកម្តងបាន១២ពាន់លីត្រ ហោះទៅជួយពន្លត់ភ្លើងឆេះព្រៃ។ នៅពេលនេះ យន្តហោះ បានចាក់ទឹករាប់សិបម៉ឺនលីត្រ ពន្លត់ភ្លើងនៅតំបន់ព្រៃក្នុងទីក្រុង Porto Velho ។
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីល លោក Fernando Azevedo បានសម្រេចបញ្ជូនទាហាន ចំនួន៤៣ពាន់នាក់ ទៅកាន់បណ្តារដ្ឋនានា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ។ កន្លងមក រដ្ឋចំនួន៧ នៃប្រទេសប្រេស៊ីល បានស្នើឲ្យរដ្ឋាភិបាល បញ្ជូនកម្លាំងទាហាន ទៅចូលរួមពន្លត់ភ្លើងឆេះព្រៃ ដោយសារកម្លាំងនៅក្នុងរដ្ឋនីមួយៗ មិនអាចទប់ស្កាត់បានឡើយ៕
ដោយ៖ មែវ សាធី