ភ្នំពេញ៖ មិនដែលលាក់បាំងរឿង កែសម្រស់ ប៊េនីយ៉ាំង បានបង្ហាញមុខជាសាធារណៈជាញឹកញាប់ក្រោយការវះកាត់ច្រមុះជាច្រើនលើកច្រើនសារមិនទទួលបានជោគជ័យរហូតទម្រង់មុខរបស់នាងបាត់បង់ភាពស្រស់ស្អាត។ ថ្មីៗនេះនាងបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េដើម្បីជួបវេជ្ជបណ្ឌិតផ្នែកសម្រស់ដើម្បីធ្វើការវះកាត់ជាចុងក្រោយ។
តារាសិចស៊ី ប៊េនីយ៉ាំង ត្រូវបានគេចាត់ទុកថានាងហាក់ញៀននឹងការកែសម្រស់រហូតមានផលអវិជ្ជមានពិសេសផ្នែកច្រមុះរហូតពេលខ្លះនាងត្រូវដើរពាក់ម៉ាស់ដើម្បីបិទបាំងភ្នែកនិងការសម្លឹងមករបស់មហាជន។ ទោះជាយ៉ាងណាក្រោយមកនាងបានលាតត្រដាង និងបញ្ចេញរូបភាពនៃការខូចខាតសម្រស់ជាសាធារណៈ ។ តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិត នាងបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េដើម្បីធ្វើការវះកាត់ជាលើកចុងក្រោយ។ នាងបានបង្ហាញពីស្លាកស្នាមដេរមុខរបួសក្រោយការវះកាត់ដោយជោគជ័យនិងមានទម្រង់ស្រស់ស្អាតឡើងវិញភាគច្រើន។ ប៊េន្នី យ៉ាំង បានឱ្យដឹងថា នាងទទួលបានការវះកាត់ដោយជោគជ័យល្អណាស់ ដែលធ្វើឱ្យនាងសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាស់នោះ នាងត្រូវតម្រូវឱ្យសម្រាកក្នុងម៉ាស៊ីនអុកស៊ីហ្សែន ដើម្បីថែរក្សា និង ព្យាបាលមុខរបួសឆាប់ជាសះស្បើយ ។ ហាក់សប្បាយនឹងអ្វីដែលទទួួលបានពេលនេះ ប៊េនី យ៉ាំង ក៏បានបង្ហាញសម្រស់ឥតលាក់បាំងនៅក្នុងពេលកំពុងវះកាត់នេះផងដែរ ។ នាងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរូបភាពនោះបានបង្ហាញឱ្យឃើញពីមុខរបួស និង ស្នាមដែលសេសសល់ពីការវះកាត់ ឃើញហើយគួររន្ធត់ចិត្តបំផុត ។ តាមរយៈការបង្ហាញមុខរបួសនេះដែរ មានអ្នកគាំទ្រ ប៊េន្នី យ៉ាំង ជាច្រើនបានចូលរួមអបអរសាទរ និង ជូនពរនាងឆាប់ទទួលបាននូវអ្វីដែលនាងចង់បាន ព្រមទាំងឆាប់បានជាសះស្បើយវិញផងដែរ ។
គួរបញ្ជាក់ដែរថា ប៊េនីយ៉ាំង បានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំចុងក្រោយនេះបន្ទាប់ពីសម្រស់របស់នាងត្រូវបានខូចខាតដោយសារការវះកាត់ខុសបច្ចេកទេស។ ទោះជាយ៉ាងណានាងមានការស្ងើចសរសើរច្រើនក្រោយពីជីវិតដ៏ស៊ីវីល័យរបស់នាងកាន់តែលេចធ្លោរទោះបីជាមិនមានការងារសិល្បៈជាប់ខ្លួន។ នាងនៅមិនទាន់មានគម្រោងវិលរកសិល្បៈដូចមុនដែរឬយ៉ាងណា ខណៈមុខជំនួញបើកហាង និងលក់ផលិតផលថែរក្សាសម្រស់របស់នាងនៅដំណើរការជាប្រក្រតី៕
ដោយ វឌ្ឍនា