ភ្នំពេញ ៖ នៅពេលនេះ ស្ថានភាពទឹកទន្លមេគង្គជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នហេីយ ដោយសារតែឥទ្ធិពលព្យុះឈ្មោះ PODUL បាននិងកំពុងធ្វើឲ្យមានភ្លៀងខ្លាំងនៅប្រទេសឡាវ និងថៃ ព្រមទាំងប្រទេសកម្ពុជាផងដែរ ។
នេះបេីយោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពទឹកទន្លេមេគង្គក្រសួងធនធានទឹក និងឧតុនិយមអោយដឹងនៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់ដោយយោងតាមការសង្កេតតាមដានឃេីញថា ព្យុះទី១២ ឈ្មោះ PODUL បានធ្វើដំណើរចូលដល់ប្រទេសវៀតណាមភាគកណ្តាលរួចបន្តចូលប្រទេសឡាវនៃអាងទន្លេមេគង្គ ។ ឥទ្ធិពលព្យុះនេះបាននិងកំពុងធ្វើឲ្យមានភ្លៀងខ្លាំងនៅប្រទេសឡាវនិងថៃ ព្រមទាំងប្រទេសកម្ពុជាផងដែរ ។
ក្រុមអ្នកព្យាកររកឃេីញទៀតថាស្ថានភាព នេះ ធ្វើឲ្យទឹកទន្លេមេគង្គបន្តហក់ឡើង ហើយកម្រិតនៃការហក់ឡើងគឺជិតដល់ កម្រិតដែលត្រូវប្រុងប្រយ័ត្ន។
តាមការព្យាករ បានបង្ហាញដូចខាងក្រោម ៖
-នៅស្ទឹងត្រែង ទឹកអាចឡើងដល់ 10,50 m
– នៅក្រចេះ ទឹកអាចឡើងដល់_21,00 m _
-នៅកំពង់ចាម ទឹកអាចឡើងដល់ 13,50 m
និងនៅចតុមុខ ទឹកអាចឡើងដល់ 8,00 m
ទន្ទឹមនឹងនេះ ទឹកទន្លេនៅ (35) ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក៏បន្តហក់ឡើងដែរ ។
សេចក្តីជូនដំណឹងក្រសួងធនធានទឹក បានផ្តល់ដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា នៅក្នុងពេលនេះ អាជ្ញាធរ ប្រជាពលរដ្ឋត្រូវមានវិធានការប្រមូល និងថែរក្សាទឹកទុក ដើម្បីប្រើប្រាស់នៅពេលខាងមុខ ៕ ដោយ ៖ សុខខេមរា