ភ្នំពេញ ៖ ក្រុមអ្នកព្យាករក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែសីហា ឆ្នាំ២០១៩នេះបានចេញសេចក្តីជូនដំណឹងបន្ថែមថ្មូីមួយទៀត ស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី១២ ឈ្មោះ ប៉ូឌុល ។
សេចក្តីជូនដំណឹងបន្តថា ក្រុមការងារបានធ្វើការពិនិត្យតាមដានលើស្ថានភាពអាកាសធាតុរកឃេីញថា ព្យុះទី១២ ឈ្មោះប៉ូឌុល ( PODUL ) ដែលបានកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ បានរំកិលខ្លួនឆ្លងកាត់ ប្រទេសហ្វីលីពីន បន្តចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយកាលពីនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ព្យុះប៉ូឌុលបានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល ។
យោងតាមការព្យាករ ឥទ្ធិពលរបស់ព្យុះប៉ូឌុល នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម ៖
– បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។
– តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។
– រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។
ក្រុមអ្នកព្យាកររកឃេីញទៀតថា ឥទ្ធិពលរបស់ព្យុះ ប៉ូឌុល នឹងបង្កឲ្យមានភ្លៀងធ្លាក់ ច្រើនផងដែរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ នឹងបង្កឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀត ជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នហេីយ ។
សូមពិនិត្យនិងតាមដានបណ្តាស្ថានីយជលសាស្ត្រនានា ដែលបានព្យាករ នៅថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៩ ខណៈទឹកទន្លេមេគង្គ អាចនឹងហក់ឡើងដល់ ៖
– ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ )។
– ស្ថានីយជលសាស្ត្រខេត្តក្រចេះ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ ( កម្ពស់
ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ )។
– ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៣,៥០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )។
– ស្ថានីយជលសាស្ត្រ បាសាក់ ចតុមុខ នៅរាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់
កម្ពស់ ៨,០០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ )
ជុំវិញបញ្ហាអាកាសធាតុនេះផងដែរ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់ ។
តាមរយៈសេចក្ដីជូនដំណឹងបន្ទាប់ពីក្រុមអ្នក ព្យាករក្រសួងធនធានទឹករកឃេីញខាងលេី នេះ ក៏បានផ្តល់ដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេស បងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌ មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕ ដោយ ៖ សុខខេមរា