ទឹកទន្លេមេគង្គហក់ឡើងជាថ្មី​ ដោយ​សារឥទ្ធិពលព្យុះទី១២​ ឈ្មោះ ប៉ូឌុល​ PODUL​ ខណៈ​បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​ និង​ឧតុនិយម​នៅព្រឹកថ្ងៃ​សៅរ៍​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៩នេះ​បានចេញសេចក្តីជូនដំណឹងបន្ថែមថ្មូីមួយទៀត​ ស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី១២​ ឈ្មោះ ប៉ូឌុល​ ។

សេចក្តី​ជូន​ដំណឹង​បន្តថា​ ក្រុម​ការងារ​បានធ្វើការពិនិត្យតាមដាន​លើស្ថានភាពអាកាសធាតុរកឃេីញថា​ ព្យុះទី១២ ឈ្មោះប៉ូឌុល ( PODUL ) ដែលបានកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ បានរំកិលខ្លួនឆ្លងកាត់​ ប្រទេសហ្វីលីពីន បន្តចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយកាលពីនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩​នេះ ព្យុះប៉ូឌុលបានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល ។

យោងតាមការព្យាករ ឥទ្ធិពលរបស់ព្យុះប៉ូឌុល នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម ៖

– បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។​ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។

– តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា​ និងវៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។

– រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។

ក្រុម​អ្នក​ព្យាករ​រកឃេីញទៀតថា​ ឥទ្ធិពលរបស់ព្យុះ ប៉ូឌុល នឹងបង្កឲ្យមានភ្លៀងធ្លាក់​ ច្រើនផងដែរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ នឹងបង្កឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀត ជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នហេីយ​ ។

សូមពិនិត្យ​និងតាមដានបណ្តា​ស្ថានីយជលសាស្ត្រនានា​ ដែលបានព្យាករ នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​ ឆ្នាំ​២០១៩​ ខណៈ​ទឹកទន្លេមេគង្គ អាចនឹងហក់ឡើងដល់ ៖

– ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន​ ១០,៧០ ម៉ែត្រ )។

– ស្ថានីយជលសាស្ត្រខេត្តក្រចេះ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ ( កម្ពស់
​ប្រកាសឲ្យប្រុងប្រយ័ត្ន​ ២២,០០ ម៉ែត្រ )។

– ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៣,៥០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន​ ១៥,២០ ម៉ែត្រ )។

– ស្ថានីយជលសាស្ត្រ បាសាក់ ចតុមុខ នៅរាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់
​កម្ពស់ ៨,០០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន​ ១០,៥០ ម៉ែត្រ )

ជុំវិញ​បញ្ហា​អាកាសធាតុ​នេះផងដែរ​ ក្រុម​ការងារ​ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់ ។​

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​បន្ទាប់ពីក្រុមអ្នក​ ព្យាករ​ក្រសួងធនធានទឹក​រកឃេីញខាងលេី​ នេះ​ ក៏បានផ្តល់ដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេស​ បងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌​ មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print