សភាពកូរ៉េខាងជើងអនុម័ត ធ្វើវិសោធនកម្មសំដៅពង្រឹងតួនាទី លោក គីម ជុងអ៊ុន ក្នុងនាមជាប្រមុខរដ្ឋ

ចែករំលែក៖

តាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយនៅ ទី២៩ ខែសីហា ឆ្នាំ២០១៩។ សភាកូរ៉េខាងជើងបានអនុម័តការធ្វើវិសោធនកម្មថែមទៀត លើរដ្ឋធម្មនុញ្ញថ្មីនៃប្រទេស​របស់ខ្លួន ដែលសំដៅពង្រឹងតួនាទីរបស់លោក គីម ជុងអ៊ុន ក្នុងនាមជាប្រមុខរដ្ឋ។

ក្នុងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយកាលពីប៉ុន្មានខែមុន បាន​ចែងថា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការដ្ឋ គឺលោក គីម ជុងអ៊ុន មានតួនាទី​ស្មើ​នឹង អ្នកតំណាងកំពូលឱ្យប្រជា​ជនកូរ៉េខាងជើងទាំងអស់ ដែលមានន័យ​ថាជា​ប្រមុខរដ្ឋ​របស់កូរ៉េខាងជើង និងជាអគ្គមេបញ្ជាការយោធាទាំងមូលផងដែ។

រដ្ឋធម្មនុញ្ញចាស់បានហៅ លោក គីម ជុងអ៊ុន ថាត្រឹមជា «មេដឹកនាំកំពូល» ដែលជា​អ្នក​កាន់​សិទ្ធិបញ្ជាកងទ័ពប៉ុណ្ណោះ ហើយតំណែងជាប្រមុខរដ្ឋគឺជារបស់លោក លោក ឈឺ រ្យុង​ហេ (Choe Ryong Hae) ដែលជាប្រធានគណៈកម្មាធិការកំពូលនៃ សភាប្រ​ជាជនកូ​រ៉េខាង​ជើង។

ដោយឡែក ការបន្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាថ្ងៃព្រហស្បតិ៍នេះ គឺសំដៅតម្រូវ​ឲ្យប្រ​ព័ន្ធយុត្តិធម៌កូរ៉េខាងជើង ទទួលស្គាល់ លោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋ ហើយ​ផ្តល់អំ​ណាចឲ្យលោក គីម ប្រកាសពីបទបញ្ជាឬការសម្រេចចិត្តផ្សេងៗ និងអាច​តែងតាំង ឬក៏​កោះ​ហៅបេសកជនការទូតរបស់កូរ៉េខាងជើង ដែលនៅប្រទេសក្រៅ។

គួរជម្រាបថា ទោះធាតុពិតជាក់ស្តែង ការកែប្រែងាររបស់ គីម ជុងអ៊ុន នេះ នឹងមិនសូវមានឥទ្ធិពលអ្វីគួរឲ្យកត់សម្គាល់ទៅលើ ការប្រើប្រាស់អំណាចដឹកនាំរបស់លោក នៅក្នុងប្រទេសកូរ៉េខាងជើងក៏ដោយ វាត្រូវគេមើលឃើញថា អាចនឹងជួយកូរ៉េខាងជើងក្នុងការស្ដារទំនាក់ទំនងការទូតឡើងវិញជាមួយបណ្ដាប្រទេសដទៃ។ មិនតែប៉ុណ្ណោះ ការតែងតាំងនេះទៀតសោតក៏នឹងធ្វើឲ្យលោក គីម មានតួនាទី ស្មើមុខស្មើមាត់ក្នុងជំនួបកំពូលនានា ជាមួយបណ្ដាមេដឹកនាំដទៃដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឬក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាដើម ៕

...

President Donald Trump, left, meets with North Korean leader Kim Jong Un at the North Korean side of the border at the village of Panmunjom in Demilitarized Zone, Sunday, June 30, 2019. (AP Photo/Susan Walsh)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print