ភ្នំពេញ៖ យុវជនម្នាក់ជាអ្នករត់ម៉ូតូឌុបបានរងរបួសបែកក្បាលរងរបួសធ្ងន់ និងរយះសាច់ជាច្រើនកន្លែង ដោយសារតែព្រះសង្ឃជាច្រើនអង្គប្រដាប់ដោយកាំបិត ដុំថ្ម និងដំបងគ្រប់ដៃ វាយមកលើជនរងគ្រោះយ៉ាងដំណំ ដោយសង្ស័យថាលួចទូរស័ព្ទ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង១០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ឃុត ផៃ អាយុ២៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺមានយុវជនម្នាក់បានហៅខ្លួនឱ្យឌុបយកទូរស័ព្ទទៅបញ្ចាំ ហើយក៏បានត្រឡប់មកវិញឌុបគេចូលក្នុងវត្តដើម្បីទៅជួបប្រពន្ឋ ហើយជនរងគ្រោះបានឈប់ម៉ូតូចាំ ។ ដោយសារតែចាំយូរពេកខ្លួនក៏បានជិះម៉ូតូចូលទៅរក រួចហើយជិះចេញមកវិញស្រាប់តែមានព្រះសង្ឃមួយក្រុមប្រដាប់ដោយកាំបិត ដុំថ្ម និងដំបងគ្រប់ដៃ វាយមកលើរូបគេយ៉ាងដំណំ ហើយខ្លួនបានព្យាយាមរត់គេចខ្លួននិងបានរត់ទៅប្តឹងសមត្ថកិច្ច។
បន្ទាប់ពីជនរងគ្រោះទៅប្តឹងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ និងបានឃាត់ខ្លួន ព្រះសង្ឃ៦អង្គយកមកបុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ។
ប្រភពពត៌មានមួយបានលួចបង្ហើបថា រឿងនេះទំនងបណ្តាលមកពីព្រះសង្ឃលប់លួចមានស្នេហាជាមួយនារីម្នាក់ទើប បង្កឱ្យមានរឿងនេះកើតឡើង ដោយឱ្យទូរស័ព្ទទៅនារីម្នាក់ហើយក៏ចោទថាជារឿងលួចទូរស័ព្ទទៅវិញ ។
ក្រោយមកព្រះសង្ឃបានចេញសងថ្លៃព្យាបាលរបួសទៅជនរងគ្រោះចំនួន៣០០ដុល្លារដើម្បី បញ្ចប់រឿង ៕
ដោយ៖ ជីម ភារ៉ា