បាតុកម្មគ្មានថ្ងៃបញ្ចប់នៅកោះហុងកុង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់ ក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចំរើនមួយ។ រដ្ឋាភិបាលហុងកុងកំពុងតែចាត់វិធានការ ក្តៅទៅលើក្រុមបាតុករ ដើម្បីបញ្ចប់ហេតុការណ៍ទាំងនោះ។
នៅពេលនេះបានចាប់ខ្លួនអ្នកនយោបាយប្រឆាំងនៅកោះហុងកុងបន្តទៀត។ មន្ត្រីហុងកុងបានបញ្ជាក់ថា បានចាប់ខ្លួនលោក Jeremy Tam និងលោក Au Nok hin ដែលជាសមាជិកក្រុមប្រឹក្សានីតិបញ្ញត្តិ(តំណាង រាស្ត្រ)ដោយសង្ស័យជាប់ពាក់ព័ន្ធសកម្មភាពរារាំងកម្លាំងប៉ូលិស បំពេញការងារ ។ ជាមួយគ្នានោះដែរ លោក Au Nok hin ត្រូវបានចោទប្រកាន់ថា បានគំរាមកំហែងដល់ប៉ូលិសទៀតផង។
សារព័ត៌មាន AFP បានផ្សាយថា គណបក្ស ពលករបានប្រកាសថា តំណាងរាស្ត្រហុងកុងពីររូបទៀតត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៣០ ស៊ីហា។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយប្រាឆាំងកំពុងតែក្លាយទៅជាគោលដៅចាប់ខ្លួនពីរដ្ឋាភិបាលហុងកុង។
នៅពេលនេះដែរ ប៉ូលិសហុងកុងបានបញ្ជាក់ថា ការចាប់ខ្លួនបណ្តាមេដឹកនាំបាតុកម្ម មិនមែនជាការព្រមានដល់ ក្រុមបាតុករហុងកុងនោះឡើយ ។ ប្រធានការិយាល័យទំនាក់ទំនងមហាជនរបស់រដ្ឋាភិបាលហុងកុងបានបញ្ចាក់ថា ការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការចាប់ខ្លួន មេដឹកនាំបាតុកម្ម ដើម្បីព្រមានពលរដ្ឋ កុំបន្តធ្វើបាតុកម្មគឺជារឿងមិនត្រឹមត្រូវឡើយ។
ប៉ូលិសកោះហុងកុងបានហាមប្រាមធ្វើបាតុកម្មនៅថ្ងៃទី៣១ខែសីហា នេះដើម្បីធានាសុវត្ថិភាព ដល់ពលរដ្ឋកោះហុងកុង។ ជាមួយគ្នានោះដែរ ក៏បានអំពាវនាវដល់ពលរដ្ឋ ឈប់ចូលរួមធ្វើបាតុកម្ម ដែលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមប៉ះពាល់ដល់សេដ្ឋកិច្ច ហុងកុង តែមិនអាចជួយដោះស្រាយអ្វីបាននោះឡើយ។
សារព័ត៌មាន ស៊ីនហួ បានផ្សាយថា ប៉ូលិសកោះហុងកុង នៅថ្ងៃទី៣០ ខែសីហា នេះ បានចាប់ខ្លួនបុគ្គល៣រូប ពាក់ព័ន្ធនឹងចលនាបាតុកម្ម ក្នុងនោះមាន លោក Joshua Wong Chi-fung, Agnes Chow Ting និង Andy Chan Ho-tin ជាក្រុមនយោបាយទាមទារ«ឯករាជភាព» ឲ្យកោះហុងកុង។
មន្រ្ដីនាយកដ្ឋានប្រឆាំងបទល្មើស ជាប្រព័ន្ធ OCTB ស្ថិតក្នុងជួរកម្លាំងប៉ូលិសហុងកុង បានឲ្យដឹងថា ក្រៅពីមេដឹកនាំទាំង៣រូបខាងលើ នៅព្រឹកថ្ងៃទី៣០ នេះដែរ ប៉ូលិសក៏បានចាប់ខ្លួនមេចលនាបាតុកម្មលោក Wong អាយុ២២ឆ្នាំ ដែលទើបនឹងចេញពីមន្ទីរឃុំឃាំង និងស្រីម្នាក់ទៀត អាយុ២២ឆ្នាំដូចគ្នា ឈ្មោះChow ក្រោមការចោទប្រកាន់ពីបទ «ឡោមព័ទ្ធទីតាំងប៉ូលិស» កាលពីថ្ងៃទី២១ ខែមិថុនា។
អ្នកទាំងពីរខាងលើ ទទួលរងការចោទប្រកាន់ ពីបទ ញុះញង់ឲ្យប្រមូលផ្តុំធ្វើបាតុកម្មដោយខុសច្បាប់។ ក្រៅពីនេះ ក្រុម OCTB ក៏បានចាប់ខ្លួនបុរសវ័យ២៩ឆ្នាំ មកពីត្រកូល Chan នៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង កាលពីយប់ ថ្ងៃទី២៩ ខែសីហា ដោយចោទប្រកាន់ នៅពីក្រោយការវាយប្រហារទៅលើទីស្នាក់ការប៉ូលិស ក្នុងពេលធ្វើបាតុកម្ម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ៕