យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់នៅតំបន់រម្មណីយដ្ឋាន ជិតទីក្រុងម៉ានីលប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ ។ សារព័ត៌មាន Daily Mail បានផ្សាយថា យន្តហោះធ្លាក់នៅក្នុង ភូមិ Pansol ខេត្ត Laguna ភាគខាង្បូងទីក្រុងម៉ានីល់។
ប៉ូលិសហ្វីលីពីន បានធ្វើបច្ចុប្បន្នភាពព័ត៌មានថា អ្នកដំណើរទាំង៧នាក់ និងអាកាសយានិក២នាក់ នៅលើយន្តហោះឯកជន ចំណុះ១១កៅអី បានស្លាប់ទាំងអស់គ្នា ដោយសារតែយន្តហោះនោះ បានធ្លាក់ កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅខេត្ត Laguna នាភាគខាងត្បូង នៃប្រទេសហ្វីលីពីន ។
យន្តហោះដឹកអ្នកជំងឺមួយគ្រឿង បានដឹកមនុស្ស៧នាក់ អាកាសយានិកម្នាក់ និងសហអាកាសយានិកម្នាក់ ហើយក៏ជួបហេតុការណ៍ដ៏អាក្រក់ បានធ្លាក់នៅតំបន់រមណីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ Pansol ទីក្រុង Calamba នាវេលាម៉ោង៣រសៀល ម៉ោងនៅក្នុងតំបន់។ យន្ដហោះនោះ បានធ្លាក់ចូលអាងមួយ នៅក្នុងតំបន់រមណីយដ្ឋាន ហើយធ្វើឲ្យអ្នកនៅទីនោះ២នាក់ បានរងរបួសបន្ថែមទៀត។
ប៉ូលិស បានបញ្ជាក់ថា យន្តហោះ King Air 350 ស្លាកលេខ RPC 2296 ដឹកអ្នកជំងឺម្នាក់ ចាកចេញពីទីក្រុង Dipolog ខេត្ត Zamboanga del Norte នាភាគខាងត្បូង នៃប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់ទីក្រុងម៉ានីល ដើម្បីសង្គ្រោះជីវិត។ ប៉ុន្ដែនៅពេលយន្ដហោះមកដល់ចំណុចខាងលើក៏ជួបនឹងគ្រោះអាក្រក់បែបនេះតែម្ដង។ ក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះ មានប្រពន្ធរបស់អ្នកជំងឺ, វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកសុខាភិបាល រួមទាំងអាកាសយានិក២នាក់ ផងដែរ ហើយអ្នកទាំង៩នាក់នេះ បានស្លាប់ទាំងអស់ ។
អាជ្ញាធរអាកាសចរស៊ីវិលហ្វីលីពីន បានថ្លែងថា យន្តហោះដឹកអ្នកជំងឺខាងលើ បានបាត់ចេញពីប្រព័ន្ធរ៉ាដា ខណៈវាហោះចេញពីទីក្រុង Dipolog ឆ្ពោះទៅកាន់ទីក្រុងម៉ានីល។ ដោយឡែកមូលហេតុ នៃការធ្លាក់យន្តហោះនេះ គឺសមត្ថកិច្ចជំនាញរបស់ហ្វីលីពីន កំពុងស៊ើបអង្កេត ៕