ខេត្តកំពង់ឆ្នាំង៖ បុរសម្នាស់ដែលជាអ្នកខេត្តតាកែវមានសតិមិនល្អ យកលុយ ដុល្លារខ្មោច សម្រាប់សែន ជាប្រភេទក្រដាស់១០០ដុល្លារទៅទិញខោអាវ ធ្វើឲ្យអាជីវករ ផ្សារលើ ផ្អើល ឆោឡោឡើងប្តឹងសមត្ថកិច្ចរួចឲ្យឃាត់ខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា បុរដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះមានឈ្មោះ រូបគេមានឈ្មោះ ជា រតនៈ អាយុ៤៨ ឆ្នាំ មានទីលំនៅ ស្រុកមង្គលបូរី ខេត្តតាកែវ ទើបនឹងមកព្យបាលជំងឺនៅខេត្តបាត់ដំបង ។ ក្នុងពេលឃាត់ខ្លួនសាកសួរ សមត្ថកិច្ចបាន រកឃើញមានដុលា្លរសម្រាប់ដុតសែនខ្មោច ចំនួន១៤៦០ដុល្លារ និងប្រាក់រៀល ៣៥០០រៀល និងក្រដាសវេជ្ជបញ្ជាររបស់គ្រូពេទ្យខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ចបុរសរូបនេះបាននិយាយម្តងអីចេះ ម្តងអីចុះ គឺនិយាយ ទៅមុខ ទៅក្រោយ ពិបាកនឹងសមត្ថកិច្ច ក្នុងការកំណត់អត្តសញ្ញាណ ។ ដោយមើលឃើញ ពីស្ថានភាពរបស់បុរសរូបនេះមានសតិមិនសូវល្អ សមត្ថកិច្ចនគរបាលបានស្នើសុំពីស្ថាប័ន អយ្យការដើម្បីសម្រួល និងដោះលែង ដោយគ្រាន់អប់រំ កុំអោយយកលុយប្រភេទនេះ មកចាយទៀត ព្រោះវាត្រូវមានទោស ហើយសមត្ថកិច្ចបាន ដោះលែងឲ្យមានសិរីភាពតែម្តង ៕
ដោយ៖ ចន្ថា