ក្រុមបាតុករនៅកោះហុងកុងមិនមានសញ្ញាបញ្ចប់នោះឡើយ បើទោះបីកម្លាំងសន្តិសុខ បានរឹតបន្តឹងក្តី។ ក្រុមបាតុករហុងកុងបានដាក់គំនាបយ៉ាងខ្លាំងទៅលើមេដឹកនាំ គឺលោក ស្រី Carrie Lam ឲ្យចុះចេញពីតំណែង ដោយសារតែលោកស្រីមិនអាចដោះ ស្រាយស្ថានភាពបញ្ចប់វិបត្តិនៅក្នុងតំបន់នេះ។
ក្រុមបាតុករចាត់ទុកលោកស្រីសមត្ថភាព របស់លោកស្រី មិនអាចដោះស្រាយវិបត្តិ នៅក្នុងហុងកុងនាពេលនេះបាន។ មេដឹកនាំហុងកុងលោកស្រី Carrie Lam បានបន្ដថា លោកស្រីបានបង្កនូវការបំផ្លិចបំផ្លាញដែល មិនអាចលើកលែងបាន ដោយសារតែការ មិនអើពើនឹងវិបត្តិនយោបាយ ដែលកំពុងតែហ៊ុមព័ទ្ធទីក្រុងហុងកុង ហើយលោកស្រីនឹងលាលែងពីតំណែង ប្រសិនបើលោកស្រីមានជម្រើស។
នៅក្នុងកិច្ចប្រជុំបិទទ្វារមួយ លោកស្រីមេដឹកនាំហុងកុង បានប្រាប់ថា ឥឡូវនេះលោកស្រី មានចំណុចជាច្រើន សម្រាប់ដោះស្រាយវិបត្តិ ពីព្រោះភាពចលាចលនេះបានក្លាយជាបញ្ហាសន្តិសុខ និងអធិបតេយ្យភាពជាតិសម្រាប់ប្រទេសចិន ចំពេលមានភាពតាន តឹងកើនឡើងជាមួយសហរដ្ឋអាម៉េរិក។
មេដឹកនាំហុងកុង បាននិយាយជាភាសាអង់គ្លេសថា“ ប្រសិនបើខ្ញុំមានជម្រើស ហើយរឿងដំបូងនោះ គឺខ្ញុំនឹងត្រូវលាលែងពីតំណែង និងសុំទោសប្រជាពលរដ្ឋហុងកុង” ។
ប្រជាពលរដ្ឋហុងកុង បានធ្វើបាតុកម្មទ្រង់ទ្រាយធំ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ ដោយប្រឆាំងនឹងសេចក្តីស្នើច្បាប់របស់រដ្ឋបាលលោកស្រី Carrie Lam មេដឹកនាំហុងកុង ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័ន បញ្ជូនជនសង័្សយពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ពីកោះហុងកុង ទៅកាត់ទោស នៅលើទឹកដីចិនដីគោក។ ប៉ុន្ដែក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំនោះមក ច្បាប់នេះក៏ត្រូវបានលុបចោលវិញ។
ទោះជាយ៉ាងនេះក្ដី មេដឹកនាំ ហុង កុង ក៏នៅតែមិនអាចបញ្ចប់ភាពចលាចល នៅលើដែនកោះនេះបានដដែក។ លើសពីនេះទៅទៀត ក្រុមអ្នកតវ៉ាបានពង្រីកនូវការទាមទាររបស់ពួកគេបន្ថែមទៀត ដោយជំរុញឲ្យលោកស្រី Carrie Lam ចុះចេញពីតំណែងថែមទៀតផង។ រីឯបាតុកម្មទ្រង់ទ្រាយធំ បានបន្ដឡោមព័ទ្ធទីក្រុងម្តងទៀត កាលពីចុងសប្តាហ៍មុន។
ដោយឡែក លោកស្រីមេដឹកនាំ កោះហុង កុង វិញ បាននិយាយថា ទីក្រុងប៉េកាំងមិនបានដាក់ឱសានវាទណាមួយ សម្រាប់ការបញ្ចប់វិបត្តិ នៅមុនថ្ងៃប្រារព្ធទិវាជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែតុលា ខាងមុខនេះឡើយ។ លោកស្រី ក៏បានបញ្ជាក់ទៀតថា ប្រទេសចិនគ្មានផែនការណាមួយ ដើម្បីដាក់ពង្រាយកងទ័ពរំដោះប្រជាជន នៅតាមដងផ្លូវនានា នៅក្នុងទីក្រុងហុង កុង នោះទេ៕