សហរដ្ឋអាមេរិក៖ ព្យុះសង្ឃរា Dorian គឺជាព្យុះកំណាចបំផុតនៅក្នុងឆ្នាំនេះ សំដៅទៅកាន់ទឹកដីអាមេរិក ក្នុងរដ្ឋ ផ្លរីដា ក្រោយបោកបក់បំផ្លាញ នៅលើកោះបាហាម៉ា ។ នៅពេលនេះជើងហោះហើរប្រមាណជាង១៥០០ជើងត្រូវលុបចោល នៅក្នុងរដ្ឋនេះ ដើម្បីសុវត្ថិភាពអ្នកដំណើរ។
តាមទិន្នន័យដែលបានផ្សព្វផ្សាយ នៅលើគេហទំព័រ FlightAware.com បញ្ជាក់ថា តាមការប៉ាន់ប្រមាណ ជើងហោះហើរ ១៥០០ជើង ទាំងទៅ និងត្រឡប់មកវិញ នៅរដ្ឋ Florida ត្រូវបានប្រកាសលុបចោល ដើម្បីជាវិធានការបង្ការទុកជាមុន ពីគ្រោះថ្នាក់ជាយថាហេតុ បណ្តាលមកពីខ្យល់ព្យុះ Dorian នោះ។
ប្រភពព័ត៌មានដដែលបានបន្តថា៖ ការលុបចោលជើងហោះហើរនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការ នៅអាកាសយានដ្ឋានទីក្រុង Miami, Orlando, Fort Lauderdale ហើយនិង Palm Beach ផងដែរ។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ខ្យល់ព្យុះ Dorian បានវិវឌ្ឍខ្លួន ក្លាយជាខ្យល់ព្យុះមានកម្លាំងខ្លាំងប្រភេទទី៥។ រីឯកម្លាំងខ្យល់ មានល្បឿនបក់បោក ចម្ងាយប្រហែល២៩៧គីឡូម៉ែត្រ ក្នុងមួយម៉ោង (១៨៥ម៉ៃល៍) ។
ព្យុះកំណាច Dorian នេះដែរ បាននាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ផ្ទររន្ទះ ខ្យល់កួចយ៉ាងសាហាវ គួរឲ្យរន្ធត់ ឆ្លងកាត់ប្រទេសដែនកោះ Bahamas កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ធ្វើឲ្យខូចខាងលំនៅឋាន ចំនួន១៣ ០០០ខ្នង និងសម្លាប់មនុស្សយ៉ាងតិច៥នាក់។ ខ្យល់ព្យុះ Dorian នៅពេលបច្ចុប្បន្ននេះ បានថយឥទ្ធិពលមកនៅត្រឹមប្រភេទលេខ៣វិញ ស្ថិតនៅតំបន់ដែនកោះ Grand Bahama ។
ជាមួយគ្នានេះដែរ ក្រុមអ្នកសង្គ្រោះ បានរៀបចំដោះស្រាយការងារមនុស្សធម៌ បន្ទាប់ពីព្យុះមានកម្លាំងខ្លាំង បានវាយប្រហារទៅលើកោះនេះ បណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច៥នាក់។ ប៉ុន្ដែទោះជាយ៉ាងណាទំហំ នៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះមហន្ដរាយនេះ គឺអាជ្ញាធរនៅលើកោះនេះ មិនទាន់ដឹងនៅឡើយ។
យោងតាមវីដេអូដែលថតបានទៅលើដែនកោះនោះ បានបង្ហាញថា តំបន់ជិតនោះ រាប់សិបគីឡូម៉ែត្រ ត្រូវបានទឹកជន់លិច អគារខ្លះត្រូវបាក់បែក និងទូកុងតឺន័រ ក៏ដូចជាទូកតូចៗ ត្រូវខ្ទាតរាយប៉ាយពេញដី។
ក្រុមអ្នកព្យាករបាននិយាយថា ក្នុងរយៈពេល៣៦ម៉ោងទៀត ព្យុះនេះនឹងបង្កគ្រោះថ្នាក់ បន្ទាប់ពីវាទៅដល់ឆ្នេរខាងកើត នៃរដ្ឋផ្លរីដា ជាទីដែលមានមនុស្សជាងមួយលាននាក់ ត្រូវបាន ជម្លៀសចេញ។
លោក ហ្វីលីព ប្រេដដាវីស មេដឹកនាំក្រុមប្រឆាំង នៃកោះបាហាម៉ាស បានប្រាប់ក្រុមអ្នកយកព័ត៌មានថា“ នេះជាការមើលឃើញដ៏គួរឱ្យរន្ធត់មួយ”។ លោក Brave Davis បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋាន Nassau បន្ទាប់ពីលោករួមដំណើរតាមយន្ដហោះរួមគ្នាជាមួយនាយករដ្ឋមន្រ្តី Bahamas លោក Hubert Minnis ថា “សហគមន៍នានាត្រូវបានកាត់ផ្តាច់ ហើយផ្លូវថ្នល់នានា ត្រូវទឹកជន់លិច ” ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី Minnis បានថ្លែងថា៖ «ប្រជាជនជាច្រើន ត្រូវការអាហារ សន្តិសុខ និងទីជម្រក។នៅក្នុងតំបន់ Freeport នៃកោះ Grand Bahama ក្រុមអ្នកជួយសង្រ្គោះ បានជិះស្គី និងទូកព្យាយាមជួយសង្គ្រោះមនុស្សរាប់រយនាក់ ដោយសារផ្ទះរបស់ពួកគេត្រូវទឹកជន់លិច៕
ដោយ៖ មែវ សាធី