ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារលោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឫស្សីកែវទទួលផែនសេនាធិការ ដែលបានផ្ញើសារជាសំឡេងគំរាមសម្លាប់លោក លី រ៉ូហ្សាត នាយផ្នែកចរាចរណ៍ខណ្ឌឫស្សីកែវ ព្រោះតែអន្តរាគមន៍ដោះលែងអ្នកស្រវឹងម្នាក់មិនបាន ។
បញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ថា ករណីទំនាស់នេះត្រូវបានធ្វេីការសម្របសម្រួលរវាងភាគីទាំងពីររួចហេីយនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំអោយក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការកោះហៅភាគីជម្លោះទាំង២អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនេះ ។
លោក ចាន់ ពៅ បានសារភាពថា លោកពិតជាបានផ្ញេីសារសំឡេងទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក ។
ឆ្លងតាមចម្លេីយសារភាព និង ភស្តុុតាងជាក់ស្តែង តាមរយ:សារជាសំឡេង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទីមួយដល់លោកចាន់ ពៅ ដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នអោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ ។ ជាជំហានបន្ទាប់ បេី លោក ចាន់ ពៅ តែប្រព្រឹត្តកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបន្តចាត់ការតាមនីតិវិធីច្បាប់ ។
ការសម្រេចរបស់លោក ស ថេត នាពេលនេះ ធ្វើអោយប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង ព្រោះសកម្មភាពរបស់លោក ចាន់ ពៅ គឺ ហួសហេតុបំផុត ដែលហ៊ានផ្ញើសារគំរាមសម្លាប់ គ្រាន់តែការអន្តរាគមន៍ដោះលែងមនុស្សមិនបាន ៕