ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំអំពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដែលនឹងប្រព្រឹត្តឡើងនៅពេលខាងមុខនេះ អោយគ្រប់រដ្ឋបាលខណ្ឌ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ សាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អរចនាដោយភ្លើងពណ៌ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យខាងលើឱ្យបានជ្រួតជ្រាប ទូលំទូលាយ ជាពិសេសត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការ ក្រោមឱវាទជាពុទ្ធសាសនិកបានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា ។
សេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញបានអោយឹងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែររគ្រប់ៗរូបតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នាអាចស្វែងយល់បានពី សុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃ រវាងគ្នា និងបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។
ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍ ១រោច ដល់ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ។ ដោយឡែកពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង និងមានរយៈពេល២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនទានមួយជាទានដ៏មានផលានិសង្សសម្រាប់ទាយក ទាយិកា និងបដិគ្គាហក។ ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ខែអស្សុជ ដល់ថ្ងៃចន្ទ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំចំពោះពាក្យស្លោកសម្រាប់ប្រើក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដូចខាងក្រោមនេះ ៖
១- សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរ
២- សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរ
៣- សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ” សូមបានយាងទៅសោយព្រះបរមសុខក្នុងសុគតិភព”
៤- ជយោ! ព្រះរាជាណាចក្រកម្ពុជា
៥- ជាតិ សាសនា ព្រះមហាក្សត្រ
៦- ជយោ សន្តិភាព និងអភិវឌ្ឍន៍
៧- មានសន្តិភាព ទើបមានការអភិវឌ្ឍប្រទេសជាតិ
៨- ជយោ! សន្តិភាព ដោយនយោថ្វាយ ឈ្នះ=ឈ្នះ
៩- ជយោ! សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍
១០- ជយោ! រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
១១- អបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០១៩
១២- អបអរសាទរពិធីបុណ្យកឋិនទាន ពីថ្ងៃទី ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩
១៣- ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ
១៤- សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យនាំមកនូវសេចក្តីសុខ
១៥- នត្ថិ សន្តិ បរំ សុខំ គ្មានសុខអ្វីស្មើនឹងសេចក្តីស្ងប់
១៦- សន្សំសំចៃ គឺស្នេហាជាតិ
១៧- ត្រូវលះបង់អំពើបាបគ្រប់យ៉ាង ខិតខំបំពេញសេចក្តីល្អឲ្យបានច្រើន និងធ្វើចិត្តឲ្យស្អាតបរិសុទ្ធ
១៨- សាបព្រោះពូជធារយ៉ាងណា រមែងបានផ្លែផ្កាយ៉ាងនោះវិញ
១៩- ត្រូវខិតខំធ្វើខ្លួនឲ្យបានជាទីពឹងដ៏ល្អដោយខ្លួនឯង ៕ ដោយ ៖ ជាយក្រុង