ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនបុរសសង្ស័យម្នាក់លួចលុយក្រុមហ៊ុនបារីជាង២ម៉ឺនដុល្លារ ហើយបានប្រើល្បិចកល់មកប្ដឹងសមត្ថកិច្ចថា មានចោរកាត់សោរចូលលួចលុយនៅក្នុងក្រុមហ៊ុន ខណៈខ្លួនមិននៅកន្លែង ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យលួចលុយនៅក្នុងក្រុមហ៊ុនខាងលើ ប្រព្រឹត្តឡើងកាលវេលាម៉ោង ៣និង៥៣នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះល្វែងស្ដុកបារី ទល់មុខសណ្ឋាគារខេអឹម ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ គឹម វិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មកស្នាក់នៅបម្រើការងារភូមិ.សង្កាត់កើតហេតុខាងលើ ។ ប្រភពពីនគរបាលបន្តថា តាមការបញ្ជាក់ពីម្ចាស់ក្រុមហ៊ុនឈ្មោះ ស៊ី សុជាតិ ភេទស្រី ៥៩ឆ្នាំ រស់នៅភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុង.ខេត្តបាត់ដំបង ម្ចាស់ក្រុមហ៊ុនបន្ដប្រាប់សមត្ថកិច្ចថា លុយដែលជនសង្ស័យលួចំនួន ២៣៧៥៤ដុល្លា ហើយពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនទាមទារឱ្យជនសង្ស័យសងទៅតាមច្បាប់ការងារ និងអនុវត្តទៅតាមច្បាប់ ។
ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃដដែលជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខាងលើរូបនេះបានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ថា មានចោរចូលលួចកាច់សោរលួចលុយរបស់ក្រុមហ៊ុន ប៉ុន្ដែគ្រានោះម្ចាស់ក្រុមហ៊ុនបានតេមកសមត្ថកិច្ចដើម្បីពន្យាពេល និងធ្វើការស្រាវជ្រាវជាក់ស្ដែង នៅក្នុងក្រុមហ៊ុនកន្លែងស្ដុកបារី ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ចោរដែលកាត់សោរមិនកាត់ពីក្រៅទេ គឺកាត់ពីក្នុងផ្ទះ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្ដង ហើយករណីខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា ជាការរៀបចំល្បិចកល់របស់ជនសង្ស័យ ហើយសមត្ថកិច្ចកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន