ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើងម្នាក់ម្ដាយណែនាំមិនស្ដាប់ ថែមទាំងយកកាំបិតចោលម្ដាយបង្កររបួសស្នាម និងផឹកស្រាស្រវ៉ឹងបង្ករការអុកឡុកនៅតាមវត្ដ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបាន កម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកអន្លង់វែង ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរង សហការកម្លាំងវរៈ៤១១ ចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ប៊ុន ថុន មេបញ្ជាការរង វរៈ៤១១ចុះឃាត់ខ្លួន ក្មេងទំនើង យកកាំបិតចោលម្តាយ នៅភូមិគោគសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាជនបង្ក ឈ្មោះ ម៉ៃ ធឿយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិឃុំខាងលើ បានយកកាំបិតចិតបន្លែចោលម្តាយ ឈ្មោះ យុក ម៉ាប់ អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ បណ្តាលឲ្យរងរបួសត្រង់កំភួនដៃខាងឆ្វេង។
អាវុធហត្ថស្រុកបានបន្ដឲ្យដឹងថា មូលហេតុក្មេងទំនើងខាងលើ ខឹងម្តាយណែនាំឲ្យជួយធ្វើការងារ និងមិនឲ្យផឹកស៊ីស្រវឹងដើររករឿងវាយគេតាមវត្ត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយើងយកមកអប់រំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង៕ប៉ែន នួន