ភ្នំពេញ៖ អណ្តើករស់ជិត២០០ក្បាលត្រូវបានអង្គការ វ៉ៃអែដ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបប្រមូលពីទីតាំងហាងម្លប់ឫស្សីកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទីតាំងហាងម្លប់ឫស្សីជាកន្លែងជួញដូរ លក់សត្វ្ពព្រៃយ៉ាងសកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពិតជាបានដឹងយ៉ាងច្បាស់ចំពោះទីតាំងខាងលើនេះ ក្នុងនោះមានទាំងសមត្ថកិច្ច មន្ត្រីរាជការជាហូរហែចូលទៅហូប និងក្លែមសត្វព្រៃនៅទីនោះ ពិសេសអណ្តើកចំហ៊ុយ ។
ម្ចាស់ហាង តែងតែផ្តល់លេខទូរស័ព្ទឲ្យភ្ញៀវដើម្បីកុម្មង់សត្វព្រៃ និងអណ្តើក ប្រសិនត្រូវការ ឬក៏មកទទួលទានក្នុងហាងរបស់ខ្លួន ។
អង្គការវ៉ៃអែដ ក្រោយពីបង្ក្រាប និងប្រមូលអណ្តើកបានប្រមាណជិត២០០ក្បាល ប្រភពខ្លះបានបញ្ជាក់ថា នឹងចាត់វិធានការតាមនីតិវិធី តាមរយៈការវិន័យ ។ ប៉ុន្តែសមត្ថកិច្ចបានលើកឡើងថា ការជួញដូរសត្វព្រៃជាបទល្មើសឧក្រិដ្ឋ ម្យ៉ាងទៀត ទីតាំងហាងម្លប់ឫស្សី ម្ចាស់ហាងបានប្រព្រឹត្តការជួញដូរសត្វព្រៃដោយពុំរាងចាល ធ្លាប់ចាប់ ក៏នៅតែបន្តលក់ ដូច្នេះ ខាងអង្គការវ៉ៃអែដ គួរមានវិធានការកសាងសំណុំរឿងបញ្ជូនខ្លួនម្ចាស់ហាងទៅសាលាដំបូងរាជធានីភ្នំពែញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សុខ ខេមរា