សម្តេចតេជោ​ហ៊ុន​សែន​ មានប្រសាសន៍ទៅកាន់ពិភពលោកថា​ ទោះកម្ពុជា​ ស្ថិតនៅក្នុងការគំរាមកំហែង និងការបន្ត​ យាយី ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីបណ្តាប្រទេសមហាអំណាច និងប្រទេស​លោកខាងលិច​ ក៏រាជរដ្ឋាភិ​ បាលកម្ពុជា នៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលថ្ងៃនេះ​ ជាថ្ងៃ «ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩»​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន​ ប្រសាសន៍​តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩​ បានផ្ញេីសារនេះទៅកាន់ពិភព​លោកយ៉ាងដូច្នេះថា​ ការវិវត្តន៍ដ៏ស្មុគស្មាញមិនអាច​ ប៉ាន់ប្រមាណជាមុន នៃសភាពការណ៍ជុំវិញពិភពលោកនាពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផល​ ប្រយោជន៍នយោបាយ សេដ្ឋកិច្ច និង​ យោធា បាននិងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាព ដែលនៅ​ តែមានភាពស្រួចស្រាវ ទាំងក្នុងកម្រិតតំបន់ និងសកល។

ទន្ទឹមនេះ សន្តិភាព​ របស់កម្ពុជាក៏ស្ថិត​ នៅក្នុងលក្ខណៈផុយស្រួយ ដោយសារ​ តែមានការគំរាម​ កំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្តាប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន។ ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ រួបរួមសាមគ្គី ឯកភាពជាតិ ការពារសមិទ្ធិផលសង្គមជាតិ កសាងនិងរក្សាការពារឯករាជ្យ សេរីភាពប្រជាធិបតេយ្យ អព្យាក្រិត្យ និងវឌ្ឍនភាពសង្គម និងប្រកាន់ខ្ជាប់នូវឆន្ទៈ មោះមុត ក្នុងការរក្សាសន្តិភាព និងស្ថិរភាពឱ្យខានតែបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។

សូមអានខ្លឹមសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ដូចខាង​ក្រោមនេះ ៖

ទិវាសន្តិភាពអន្តរជាតិ ដែលបានអនុម័តដោយមហាសន្និបាតអង្គការសហ​ប្រជាជាតិលើកទី៥៥ នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្គ្រាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំង​មូល ត្រូវបានប្រារព្ធទូទាំងពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

ដោយសន្តិភាពមានតម្លៃពិតជាពុំអាចកាត់ថ្លៃបាន និងមានសារៈសំខាន់ជាចំបងសម្រាប់មនុស្សជាតិ ក៏ដូចជាប្រទេសជាតិ កម្ពុជាមានសេចក្តី​សោមនស្សរីករាយ ចូលរួមជាមួយពិភពលោកប្រារព្ធនូវ ទិវាសន្តិភាព អន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ខិតខំពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតីនិងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវ សុខសន្តិភាពយូរអង្វែងសម្រាប់កម្ពុជាយើង និងពិភពលោក ដែលនេះជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ និងជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ប្រទេស ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន។

ជនរួមជាតិជាទីស្នេហា ,

ការវិវត្តន៍ដ៏ស្មុគស្មាញមិនអាចប៉ាន់​ប្រមាណជាមុន នៃសភាពការណ៍ជុំវិញពិភពលោកនាពេលកន្លងមក និងបច្ចុប្បន្ន ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធា បាននិងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាព ដែលនៅតែមានភាពស្រួចស្រាវ ទាំងក្នុងកម្រិតតំបន់ និងសកល។ ទន្ទឹមនេះ សន្តិភាពរបស់កម្ពុជាក៏ស្ថិតនៅក្នុងលក្ខណៈផុយស្រួយ ដោយសារតែមានការគំរាមកំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ឈរពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្តាប្រទេសមហា​អំណាច និងប្រទេសលោកខាងលិចមួយចំនួន។ ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជា​ធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណា​ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ រួបរួមសាមគ្គី ឯកភាពជាតិ ការពារសមិទ្ធិផលសង្គមជាតិ កសាងនិងរក្សាការពារឯករាជ្យ សេរីភាពប្រជាធិបតេយ្យ អព្យាក្រិត្យ និងវឌ្ឍនភាពសង្គម និងប្រកាន់ខ្ជាប់នូវឆន្ទៈ មោះមុត ក្នុងការរក្សាសន្តិភាព និងស្ថិរភាពឱ្យខានតែបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។

បន្ទាប់ពីការរំដោះប្រទេសជាតិបានជោគជ័យពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និងការនាំមកនូវសន្តិភាពពេញលេញពេញផ្ទៃប្រទេស នៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ=ឈ្នះសន្តិភាព ស្ថិរភាព និងសុខមាលភាពប្រជាជន ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៃយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល។ ជានិមិត្តរូបនៃឧត្តមគតិដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងវិមានឈ្នះ=ឈ្នះ ដើម្បីរំលឹកពីវីរភាពនៃការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិឱ្យរួចផុតពីរបបខ្មៅងងឹត និងប្រល័យពូជសាសន៍។ ជាមួយគ្នានេះ វិមានឈ្នះ=ឈ្នះ ក៏បានបង្ហាញឱ្យឃើញពីមោទនភាពជាតិ ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាងនិងការពារសន្តិភាព ស្ថិរភាព និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។

ដោយមានការយល់ដឹងពីតម្លៃនៃសន្តិភាព ដែលទទួលបានដោយលំបាកនេះហើយ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដាច់ខាតការពារខឿនឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងម្ចាស់ជោគវាសនារបស់ខ្លួន។
កម្ពុជា ដែលពីមុនបានឆ្លងកាត់ភ្លើងសង្គ្រាមពីឆ្នាំ១៩៧០-១៩៧៥ និងធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ឥឡូវបានក្លាយទៅជាប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការបោះឆ្នោតដែលបានប្រព្រឹត្តទៅប្រកបដោយ លក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងពីភាពជាម្ចាស់អំណាចពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅក្នុងក្របខ័ណ្ឌច្បាប់ និងសមស្របតាមប្រពៃណី ទំនៀមទំលាប់អរិយធម៌របស់ប្រទេសជាតិ ជាមូលដ្ឋានគ្រឹះសំខាន់រួមចំណែកដល់ការការពារនិរន្តរភាពសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាប័ន្ន ដែលជាបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជនកម្ពុជា។

ជនរួមជាតិជាទីស្នេហា
ក្រោមម្លប់សន្តិភាពនេះហើយ ដែលកម្ពុជាចាប់ផ្តើមមានកម្លាំងសេដ្ឋកិច្ច ងើបផុតចេញពីឋានៈជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ២០១៦។កម្ពុជាក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការពនឿនពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាព ការប្រកួតប្រជែង ការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងប្រព័ន្ធខ្សែចង្វាក់តម្លៃសកល និងបង្កើនភាពធន់នឹង វិបត្តិ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ យើងមានមោទនភាព ដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ធាតុផ្សំនៃសន្តិភាព អត្រា កំណើនសេដ្ឋកិច្ចខ្ពស់ រួមផ្សំនឹងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិដ៏ត្រឹមត្រូវក្រោមយុទ្ធសាស្ត្រចតុកោណ បានធ្វើឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជនខ្មែរថយចុះយ៉ាងគំហុកពី ៥៣.២% ក្នុងឆ្នាំ ២០០៤មកនៅក្នុងរង្វង់ ១០% នាពេលបច្ចុប្បន្ន។

ជនរួមជាតិជាទីស្នេហា
កម្ពុជាមានមោទនភាពក្រៃលែង ដែលបានប្រែក្លាយបទពិសោធន៍ដ៏ល្វីងជូរចត់នៃសង្គ្រាមស៊ីវិលឱ្យទៅជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុសន្តិភាពពិភពលោក។ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់បានទទួលកងកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិទៅជាប្រទេសដែលបាននិងកំពុងបញ្ជូនកងកំលាំងជាបន្តបន្ទាប់ ចូលរួមបេសកកម្មរក្សាសន្តិភាពទៅបណ្តាប្រទេសនានា ដែលកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម។ ចាប់តាំងពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងចំនួន៦៣៥១ នាក់ ( ស្តីចំនួន ៣២៦ នាក់) ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. ក្នុងប្រទេសចំនួន ៨ រួមមាន់ប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ឹប ស៊ីរី និងម៉ាលី។

ទោះបីជាបេសកកម្មទាំងនេះជា បេសកកម្មប្រក៏បដោយហានីភ័យ និងគ្រោះថ្នាក់ក៏ដោយ កងទ័ពកម្ពុជាដែលកំពុងបំពេញបេសកកម្មនៅតាមចំណុចក្តៅបំផុតនោះ នៅតែមានឆន្ទៈមោះមុតក្នុងការបន្តរួមចំណែកជួយសង្គ្រោះប្រទេសដទៃឱ្យទទួលបានសន្តិភាព និងចាកផុតពីទុក្ខវេទនានៃសង្គ្រាម និងការបំផ្លិចបំផ្លាញ។ កម្ពុជាក៏នឹងបន្តចូលរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការប្រយុទ្ធដោះស្រាយការប្រឈមនានានៅលើសកលលោកតួយ៉ាងប្រឆាំងនឹងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលធាតុអាកាស ការជួញដូរគ្រឿងញៀន និងជំងឺឆ្លង។ ល ។ ដោយផ្តោតសារៈសំខាន់លើស្នាដៃ និងការរួមចំណែកទាំងអស់នេះ កម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយសហគមន៍អន្តរជាតិ ឱ្យកាន់តួនាទីសំខាន់ចំនួនបីក្នុងឆាកអន្តរជាតិ។ ទី ១ គឺឋានៈជាអនុប្រធានមហាសន្និបាត អ.ស.ប. សម្រាប់ឆ្នាំ ២០១៨-២០១៩ ទី ២ គឺឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. សម្រាប់អាណត្តិឆ្នាំ ២០១៩ និងទី ៣ គឺឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នៅឆ្នាំ ២០២០ ខាងមុខនេះ។ តួនាទីទាំងនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនដល់កម្ពុជាក្នុងការចូលរួមចំណែកដល់បុព្វហេតុ នៃការរក្សាសន្តិភាព និងលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

មុននឹងបញ្ចប់ ទូលព្រះបង្គំខ្ញុំ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល
ក្នុងការលើកស្ទួយសន្តិភាពជាតិ និងអន្តរជាតិ ដោយបន្ថែរក្សានិងការពារសន្តិភាពដែលមានស្រាប់
ពង្រឹងឯកភាពជាតិ អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្តិវិធី និងទប់ស្កាត់រាល់
ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាពដែលមានគោលបំណងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ
និងអស្ថិរភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រសិទ្ធពរជ័យ សិរីបរវសួស្តី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមប្រសិទ្ធពរជូនជនរួមជាតិជាទីស្នេហា សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print