រថយន្តធ្ងន់ពេក ឬមកពីផ្លូវគ្មានគុណភាព?

ចែករំលែក៖

ខេត្តសៀមរាប ៖ រថយន្តដឹកខ្សាច់ខ្នាត ធំមួយគ្រឿងបានដឹកលើសទម្ងន់បានលួច​​ចូល​ក្នុងក្រុងសៀមរាប បណ្តាលឲ្យផុងខូច ផ្លូវកៅស៊ូដែលទើបនឹងសាងសង់ថ្មី។ ហេតុការណ៍រថយន្តដឹកខ្សាច់កិនខូចផ្លូវនេះបានកើតឡើងនៅ វេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយ​ផ្លូវ៣០ម៉ែត្រ ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ករណីខូចផ្លូវនេះសមត្ថកិច្ចជំនាញបាន ទទួលបទបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យអូស រថយន្តដឹកខ្សាច់ខាងលើមកកាន់ស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ មន្ត្រីដដែលបន្តថាផ្លូវ ខូច​នោះមានប្រវែង៣៦,៥ម៉ែត្រ និងផុង ខូច​កៅស៊ូមានជម្រៅ០,៥ម៉ែត្រ ស្ថិតនៅ តាម​បណ្តាយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទក្សិណ ខាង​ត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ មន្ត្រីបន្តថា ចំពោះអ្នកបើកបរត្រូវបាននាំ ខ្លួនយកទៅសួរនាំនៅសាលាខេត្ត ដើម្បី​មាន​ចំណាត់ការបន្ត។ មន្ត្រីបន្ថែមថា ឈ្មោះ អ្នកបើកបរនិងក្រុមហ៊ុនដឹកខ្សាច់មិនទាន់ដឹងនៅឡើយ គ្រាន់តែដឹងថាអ្នកបើកបរ​នោះជាយោធា នៅកងពលធំអន្តរាគមន៍ លេខ២ ហើយរថយន្តនោះមានស្លាកលេខ បាត់ដំបង3A-0648។
អភិបាលរងខេត្តសៀមរាប និងជាអ្នក នាំពាក្យខេត្តសៀមរាប លោក លី សំរិទ្ធ បានឲ្យដឹងតាមទូរស័ព្ទថា ពេលនេះអាជ្ញាធរខេត្តបានហៅអ្នកទទួលការងារមកធ្វើឡើងវិញ ព្រោះផ្លូវនេះធ្វើមិនទាន់រួចរាល់ នៅឡើយទេ។ លោកបន្តថា ចំពោះអ្នកបើកបរនោះខាងខេត្តក៏បានហៅមកជួប ដើម្បី ដោះស្រាយតាមផ្លូវច្បាប់ផងដែរ។ លោក​បន្ថែមថា រាល់រថយន្តធំៗចូលក្នុងក្រុងសៀមរាបបានរាល់ថ្ងៃនេះ អាជ្ញាធរចម្រុះបានដាក់ ស្លាកសញ្ញាហាមឃាត់ដែរ តែពួកគេ​ចេះ​តែបំពាន។ លោកបន្ថែមថា អ៊ីចឹងទេអាជ្ញាធរ ទាំងអស់ត្រូវរួមគ្នាចាត់ការរឿងនេះ ដោយ​ ជួយមើលគ្នាផង ព្រោះខេត្តនិងជំនាញមិនអាចមើលគ្រប់កន្លែងបានទេ។
លោកអភិបាលរងថា ចាប់ពីភូមិ ឃុំត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទើបកិច្ចការនេះទទួលបានជោគជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត​ខាងលើនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អេង សុខហ្គិច ដែលជាស្ត្រីជើងខ្លាំងអ្នក ជំនួញបូមខ្សាច់ និងកាយថ្មភ្នំ លក់ដ៏ល្បី ល្បាញម្នាក់ក្នុងខេត្តសៀមរាប ដែលគ្មាន នរណាម្នាក់ហ៊ានប៉ះពាល់នោះទេ ។ ដោយ​គេ​ខ្លាចអំណាចរបស់ឪពុក អតីតប្រធាន សភាពាណិជ្ជកម្មខេត្តសៀមរាប។
ប្រភព​បន្តថា ផ្លូវនេះអាជ្ញាធរខេត្តជា អ្នកទទួលខុសត្រូវឲ្យក្រុមហ៊ុនមួយជាអ្នកស្ថាបនា​ផ្លូវនេះគ្មានគុណភាព ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចែករំលែក,ការបញ្ចេញមតិមានទាំងការកោតសរសើរនិងរិះគន់ ចំពោះទិដ្ឋភាព​ដែល​បានឃើញ ។ រថយន្តដឹកខ្សាច់ធំមួយ​គ្រឿង បើកបរលើផ្លូវថ្នល់បណ្តាលឲ្យកិន ដាច់ផ្លូវកៅស៊ូ ចូលជម្រៅប្រហែល២តឹក ទើបអ្នកបើកបររថយន្តលែងបន្តដំណើរ ។ រូបភាពបែបនេះ គឺជាទារុណកម្មយ៉ាងធ្ងន់​ធ្ងរ ចំពោះផ្លូវដែលទើបកសាងថ្មី ។
មតិរិះគន់ជាច្រើនបានលើកឡើងថា មិនមែនដោយសាររថយន្តដឹកខ្សាច់នោះធ្ងន់ទេ ប៉ុន្តែគឺដោយសារផ្លូវដែលធ្វើនោះមិនគោរពទៅតាមស្តង់ដារ ។ ការធ្វើផ្លូវគ្មានគុណភាពជាហេតុធ្វើឲ្យបង្កគ្រោះថ្នាក់ឬហានិភ័យផ្សេងសម្រាប់ យានយន្តធ្វើដំណើរតាមដង ផ្លូវ ។ ជាក់ស្តែងរថយន្តដែលជាប់គាំងទៅមុខលែងរួចនេះ ដោយសារតែផ្លូវគ្មានគុណ ភាព មិនមែនដោយសាររថយន្តធ្ងន់ពេក​នោះទេ ។ ដូច្នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបគួរធ្វើផ្លូវ បែបណាសម្រាប់រថយន្តធ្ងន់ៗដូចជារថយន្តដឹកខ្សាច់ខាងលើនេះ ។
មតិខ្លះបានលើកឡើងថា អំណាចម្ចាស់រថយន្តដឹកខ្សាច់ដ៏ធំមហិមានៅខេត្តសៀមរាបល្បីរាប់សិបឆ្នាំមកហើយនោះ គ្រាន់តែ​ដឹកប៉ុណ្ណឹងមានអីខុសឆ្គង ឬត្រូវរិះគន់? អ្នក​ខ្លះនិយាយថា ថៅកែខ្សាច់ដ៏មានឥទិ្ធពល និងមានអំណាចម្នាក់នេះ គឺគ្រប់ជំនាន់​អាជ្ញាធរខេត្ត គ្មាននរណាហ៊ានប៉ះពាល់​នោះ​ឡើយ ។ ដូច្នេះវាជារឿងធម្មតាសម្រាប់ការបំផ្លិចបំផ្លាញសម្បត្តិសាធារណរបស់ រដ្ឋបន្តិចបន្តួចប៉ុណ្ណេះនៅខេត្តសៀមរាប ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print