ខេត្តមណ្ឌលគិរី ៖ នៅក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើរបស់គណៈកម្មការ ថ្នាក់ជាតិ និងថ្នាក់ ខេត្តមណ្ឌលគិរី បានបន្តបេសកកម្ម របស់ខ្លួនចុះស្រាវជ្រាវលើបទល្មើសផ្សេងៗ រួម មាន៖ ព្រៃឈើ និងរ៉ែមាសផងដែរ។ ជា លទ្ធផលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនលោក តែ គឹមសាន ប្រធានសហគមន៍រ៉ែ មាសចុងផ្លាស់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើសមួយចំនួនដែលខុសច្បាប់។
ការឃាត់ខ្លួនលោក តែ គឹមសាន មាន កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កងកម្លាំងជំនាញជាច្រើនដឹកនាំដោយលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី កាល ពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ក្នុងឃុំ ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្លែងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះថា ពិតជាមានការ ឃាត់ខ្លួនជនសង្ស័យនេះមែន ដោយសារមន្រ្តីជំនាញចម្រុះខេត្ត បានរកឃើញការស្តុកលាក់ទុកឈើជាច្រើនម៉ែត្រគូប ជាវត្ថុតាងនៅក្នុងរោងអាជីវកម្មរ៉ែមាសរបស់គាត់ ហើយជនសង្ស័យ ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។
លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរី ទទួលបន្ទុកប្រធានគណៈកម្មការបង្រ្កាបធនធានធម្មជាតិខេត្ត បានប្រាប់ ផងដែរថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ក្រោយកម្លាំងជំនាញស្រាវជ្រាវរកឃើញ បុគ្គលនេះ មានការស្តុកទុកឈើគ្រប់ប្រភេទ ជាច្រើនម៉ែត្រគូប។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ករណីនេះទុកឲ្យខាងមន្រ្តីអនុវត្តច្បាប់ចាត់ការឲ្យបានតឹង រ៉ឹងបំផុតរាល់បទល្មើស ឬបុគ្គលណាដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់មិនថា អ្នកក្រ ឬអ្នកមានលុយនោះទេ អ្នកប្រព្រឹត្តខុសត្រូវទទួលទោស មិនមែនអ្នកមានប្រាក់ ឬអាងនេះ អាងនោះនោះ រួចខ្លួននោះទេ ដើម្បីស្របទៅតាមប្រទេសមានច្បាប់ គ្រួសារមានវិន័យ។
រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្រ្តីជំនាញកំពុងបន្តនីតិ វិធីរបស់ខ្លួន ដើម្បីធ្វើការបញ្ជូនជនសង្ស័យទៅកាន់អយ្យការសាលាដំបូងខេត្តមណ្ឌល គិរី ចាត់ការបន្តទៀត៕ ហេង នរិន្ទ្រ