ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅតាមផ្លូវ Vogo ក្រោយស្ថានីយ៍ប្រេងសាំង PTT ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះឧកញ៉ា ពៃរ៍ វុឌ្ឍី ម្ចាស់ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលបានយកផ្លូវសាធារណៈធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានបាញ់សញ្ញាក្រហមហាមប្រជាពលរដ្ឋចត ថែមទៀតផង ទោះបីមានកម្មវិធីរវល់ម្តងម្កាលក៏ដោយ ។
ប្រជាពលរដ្ឋ ផ្ញេីរូបភាពមកសារព័ត៌មាន ដោយបង្ហាញការក្តៅក្រហាយចំពោះទង្វេីរបស់ឧកញ៉ា ពៃរ៍ វុឌ្ឍី មិនគួរអាចធ្វេីបែបនេះ បានសោះ អាងតែខ្លួនឯងជាអ្នកមាន ហ៊ានធ្វេីអ្វីតាមអំពេីចិត្តមិនក្រែងចិត្តប្រជាពលរដ្ឋអ្នកជិតខាងឡេីយ ។
ចំពោះបញ្ហាបាញ់ថ្នាំក្រហមហាមប្រជាពលរដ្ឋចតលេីផ្លូវសាធារណៈ នេះ ឧកញ៉ា ពៃរ៍ វុឌ្ឍី បានទម្លាក់កំហុសលេីអាជ្ញាធរ ថា ជាអ្នកបាញ់ដោយខ្លួនឯង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ បញ្ជាក់ថា ផ្លូវសាធារណៈ បង់ពន្ធផ្លូវតែឧកញ៉ា ពៃរ៍ វុឌ្ឍី ហាមប្រជាពលរដ្ឋ ចត ដោយបញ្ជាក់ថា បានបាំងកាមេរ៉ារបស់គាត់ ទោះជាអ្នកភូមិជិតខាងមានកម្មពិធីរវល់ម្តងម្កាលក៏គាត់មិនអោយចតដែរ ។
ពាក់ព័ន្ធបញ្ហានេះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បានទំនាក់ទំនងទៅកាន់លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣តែគ្រាន់តែប្រាប់ថា ជាអ្នកសារព័ត៌មាន លោកចៅសង្កាត់ ឆ្លេីយថា ជាប់រវល់ប្រជុំតែម្តង ។
ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរនឹងមានវិធានការជុំវិញករណីនេះ កុំអោយឧកញ៉ា ពៃរ៍ វុឌ្ឍី ធ្វេីអ្វីតាមអំពេីចិត្តបែបនេះ ៕