ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ព្រោះប្រចណ្ឌនឹងបុរសក្នុងភូមិជាមួយគ្នាថាបានស្រលាញ់ប្រពន្ធខ្លួន ហើយបានគំរាមថា នឹងសម្លាប់ចោល។ មិនតែប៉ុណ្ណោះថែមទាំងបើករថយន្តដេញបុកម៉ូតូបុរសម្នាក់នោះធ្លាក់បឹងកប់ភក់ទៀតផង ។
មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ឆាយ សំណាង អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ មុខរបរបើករថយន្តដឹកដី ត្រូវបានឃាត់ខ្លួនជាមួយរថយន្ត១គ្រឿង ។ ចំណែកជនរងគ្រោះឈ្មោះ សូ រាប អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ជាកសិករ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយសារតែប្រចណ្ឌប្រពន្ធ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៦និង៣០នាទីព្រលប់ ជនសង្ស័យបានដើរចូលមកក្រោមផ្ទះជនរងគ្រោះរួចចោទថា «អ្ហែងសហាយស្មន់ជាមួយប្រពន្ធអញ» ។ ឯជនរងគ្រោះក៏តបទៅវិញថា «ខ្ញុំមិនបានទាក់ទងប្រពន្ធបងទេ បងឯងទៅផ្ទះវិញទៅ» ។ ភ្លាមនោះ ជនសង្ស័យក៏បានបោះពាក្យថា «អញនឹងសម្លាប់អ្ហែង និងប្រពន្ធអញចោលទាំង២នាក់ បើអ្ហែងនៅតែទាក់ទងគ្នា» និយាយហើយជនរូបនេះក៏ដើរទៅផ្ទះបាត់ទៅ ។
លុះនៅថ្ងៃទី២០ កញ្ញា វេលាម៉ោងប្រហែល៨និង៣៥នាទីព្រឹក ខណៈជនរងគ្រោះកំពុងកិនស្រូវនៅផ្ទះឈ្មោះ ហៃ ដែលមានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ស្រាប់តែជនសង្ស័យជិះម៉ូតូទៅរករឿងទៀតដោយនិយាយថា «អ្ហែងត្រូវតែទទួលខុសត្រូវលើប្រពន្ធរបស់អញ» ហើយក៏បបួលជនរងគ្រោះស្បថនៅឯវត្ត ។ ពេលនោះជនរងគ្រោះបានតបវិញថា ទៅមុនទៅចាំខ្ញុំទៅតាមក្រោយ រួចជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់ទៅ ។
រហូតដល់ ព្រឹកថ្ងៃទី២១ ខែកញ្ញា ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង តាមទំនប់ស្រែអំពិលជាប់ប្រឡាយវរៈ៥ ក្នុងគោលដៅទៅកន្លែងចិញ្ចឹមជ្រូក ពេលនោះជនសង្ស័យបានបើករថយន្តដឹកដីរបស់ខ្លួនដេញតាមបុកជនរងគ្រោះតែម្តង ។ ខណៈឃើញដូច្នោះ ជនរងគ្រោះក៏ផ្តួលម៉ូតូនៅវាលស្រែ ជនសង្ស័យបើករថយន្តជ្រុលហួសទៅមុខរួចស្រែកថា «កុំតែអ្ហែងជិះចូលវាលស្រែទាន់កុំអីអញបុកអ្ហែងឲ្យងាប់តែម្តង» ។ ដោយសារឮពាក្យនេះជនរងគ្រោះក៏ទុកម៉ូតូនៅវាលស្រែ រួចរត់ទៅប្រាប់បងប្អូនឱ្យជួយ និងបាននាំទៅប្តឹងនគរបាលប៉ុស្តិ៍ឈើទាល ចំពោះការប្រមាថអាយុជីវិតខ្លួនបែបនេះ ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ ។ដោយសារឮពាក្យនេះជនរងគ្រោះក៏ទុកម៉ូតូនៅវាលស្រែ រួចរត់ទៅប្រាប់បងប្អូនឱ្យជួយ និងបាននាំទៅប្តឹងនគរបាលប៉ុស្តិ៍ឈើទាល ចំពោះការប្រមាថអាយុជីវិតខ្លួនបែបនេះ ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ ហើយជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។
បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ពីបទការប្រមាថអាយុជីវិតអ្នកដទៃ ៕
សហការី