កណ្តាល៖តេីយុត្តិធម៌នៅឯណា ? ខណៈក្មេងស្ទាវ៣នាក់ ជិះម៉ូតូមួយគ្រឿងបុកលោកយាយម្នាក់អាយុ៦៦ឆ្នាំ កំពុងជិះកង់ទៅផ្សារ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ប៉ុន្តែអ្វីជាការហួសចិត្តនោះ គឺ អ្នកបេីកបរម៉ូតូគ្រាន់តែរងរបួសស្រាល សោះ បានចាកចេញពីកន្លែងកេីតហេតុ ទៅមន្ទីរពេទ្យ តែបានទៅរហូតលែងត្រឡប់មកវិញ ពោលគឺ ទុកអោយឪពុកម្តាយចេញមុខចរចារសំណងជាមួយភាគីក្រុមគ្រួសារនៃសពទៅវិញ ។
លេីសពីនេះទៅទៀត បែរជាខាងនគរបាលស្រុកខ្សាច់កណ្តាល យកឪពុកម្តាយបង្កេីតរបស់ជនបង្ក មកធ្វេីជាសាក្សីក្នុងសំណុំរឿងនេះទៅវិញ ដែលហាក់បង្ហាញពីភាពមិនប្រក្រតី ឈានដល់ការសម្រេចមួយ ដែលមិនអាចជឿទុកចិត្តបាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង១៥៖៤០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅកំណាត់ផ្លូវលេខ៣៨១ ភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនបង្កមានគ្នា៣នាក់ ទី១ ឈ្មោះ ម៉ូវ ម៉េងអូន ភេទប្រុស អាយុ១៦ឆ្នាំ ទី២ ឈ្មោះ សេង សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ និង ទី៣ មិនទាន់ស្គាល់អត្តសញ្ញាណ ។
ចំណែកជនរងគ្រោះឈ្មោះ ហួរ ហ៊ួយ ភេទស្រី អាយុ៦៦ឆ្នាំ ។
របាយការណ៍ពីការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែល ទេីបទទួលបាននៅរសៀលថ្ងៃទី២៥ ខែកញ្ញា នេះ បង្ហាញថា មុនពេលកេីតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BD-8181 បេីកបរដោយឈ្មោះ ម៉ូវ ម៉េងអូន និង អ្នករួមដំណេីរ២នាក់ ។
ពេលមកដល់ចំណុចកេីតហេតុ បានបុកជាមួយកង់មួយគ្រឿងបណ្តាលអោយលោកយាយរងគ្រោះ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយកេីតហេតុ ឈ្មោះ ម៉ូវ ម៉េងអូន រងរបួសស្រាល បានទៅមន្ទីរពេទ្យដោយខ្លួនឯង រួចទៅរហូតលែងត្រឡប់មកវិញតែម្តង ។
ប៉ុន្តែ ចន្លោះពេលនេះ បែរជាខាងនគរបាលស្រុកខ្សាច់កណ្តាល យកឪពុកម្តាយបង្កេីតរបស់ជនបង្ក មកធ្វេីជាសាក្សីក្នុងសំណុំរឿងនេះទៅវិញ ដែលហាក់បង្ហាញពីភាពមិនប្រក្រតី ឈានដល់ការសម្រេចមួយ ដែលមិនអាចជឿទុកចិត្តបាន ។
ពាក់ព័ន្ធបញ្ហានេះ គ្រួសារជនបង្កបានព្យាយាមសម្របសម្រួលជាមួយគ្រួសារជនរងគ្រោះ រហូតដោយបានផ្តល់សំណងចំនួន៣៥០០ដុល្លារ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល តែក្រុមគ្រួសារមិនព្រមទទួល រួចសំណុំរឿងត្រូវបានបញ្ជូនបន្តរហូតដល់ដំណាក់កាលតុលាការតែម្តង ។
ប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ហេីយបានកោះហៅជនបង្ក២នាក់ ចូលបំភ្លឺកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ។
ប៉ុន្តែបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ដោយពុំទាន់សម្រេចយ៉ាងណានៅឡេីយទេ ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់ ថា ក្រោយជនបង្កចូលបំភ្លឺរួច គឺ បានអោយត្រឡប់ទៅវិញ ដោយពុំទាន់សម្រេចយ៉ាងណានៅឡេីយទេ រង់ចាំការពិនិត្យបន្តទៀត ។
ក្រុមគ្រួសារនៃសព សង្ឃឹមថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ ខណៈជនបង្កបានកំពុងរស់នៅក្រៅសំណាញ់ច្បាប់ ។
ទោះបីយ៉ាងណា សមត្ថកិច្ចសន្និដ្ឋាន ថា ករណីនេះ ជនរងគ្រោះជិះមានការធ្វេសប្រហែស មិនពិនិត្យគ្រប់ជ្រុងជ្រោយ មុននឹងជិះកាត់ឆ្លងកាត់ផ្លូវ ។ ចំណែកអ្នកបេីកបរម៉ូតូគឺខ្វះការប្រុងប្រយ័ត្ន ។
មាត្រា៨៥ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកចែងថា “ជនណាបេីកបរដោយធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និង មិនគោរពកាតព្វកិច្ច តម្រូវបណ្តាលអោយស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល ។
អ្នកច្បាប់ អះអាងថា សកម្មភាពរបស់ជនបង្ក គឺ កេីតឡេីតពីការមិនប្រុងប្រយ័ត្ន ស្របតាមមាត្រា៨៥ គប្បីតុលាការអនុវត្តច្បាប់ដោយតម្លាភាព ៕
ដោយ៖ ចេស្តា