ភ្នំពេញ៖ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី3 ខែតុលា ឆ្នាំ2019 លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានសហព័ន្ឋកីឡាការ៉ាតេកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេឆ្នាំ2019។ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជាដើម្បីរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងសម្រិតសម្រាំងយកកីឡាករ កីឡាការិនី ដែលមានសក្តានុពល សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមការ៉ាតេ លើកទី 9 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាឆ្នាំ 2020 និងជាពិសេស គឺការត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់កីឡាស៊ីហ្គេមលើកទី 32 ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង នឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ 2023 ។
លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាល សូមប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីរបស់ខ្លួន សំដៅធ្វើយ៉ាងណាឲ្យការប្រកួតជ្រើសរើសជើងឯកនេះ ប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងជ្រើសរើសបាននូវកីឡាករ កីឡាការិនី ដែលមានសក្តានុពលពិតប្រាកដ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករ កីឡាការិនី ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ នៃការប្រកួត នឹងត្រូវឆ្លៀតឱកាសនេះ ទាញយកបទពិសោធន៍ដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពខ្ពស់ឡើង និងត្រូវធ្វើការកែលម្អរនូវចំណុចខ្វះខាតមួយចំនួនជាពិសេសលើមូលដ្ឋានបច្ចេកទេស។
នៅក្នុងឱកាសនោះ ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោករដ្ឋមន្ត្រីបានឧបត្ថម្ភជាថវិកាដល់អាជ្ញាកណ្តាល និងចៅក្រមចំនួន 06រូប កីឡាករចំនួន 86រូប កីឡាការិនីចំនួន 35រូប និងគណកម្មការរៀបចំការប្រកួតចំនួន 50រូប ដោយម្នាក់ៗទទួលបានថវិកាចំនួន 10ម៉ឺនរៀល ដោយឡែកសម្រាប់សមាគមក្លឹបការ៉ាតេដែលបានចូលរួមចំនួន 21ក្លឹប ដោយក្នុងមួយក្លឹបទទួលបានថវិកា 50ម៉ឺនរៀល។
សូមបញ្ជាក់ជូនថា នៅក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេឆ្នាំ2019នេះ មានសមាគម ក្លឹបការ៉ាតេចូលរួមចំនួន 21 នឹងមានកីឡាករចំនួន 86រូប កីឡាការិនីចំនួន 35រូប ដោយត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី3 ដល់ថ្ងៃទី6 ខែតុលា ឆ្នាំ2019៕
ដោយ៖ សុខ ខេមរា