ទីក្រុងវ៉ាសុីនតោន៖ វិវាទផ្ទៃក្នុងអ្នកនយោបាយអាមេរិក បានរាលដាលដល់ក្រៅប្រទេសហើយ ដែលពីមុនមកមិនដែលមានឡើយ ។ កាលពីបោះឆ្នោត នៅឆ្នាំ២០១៦ លោកត្រាំទទួលរងការថ្កោលទោសយ៉ាងខ្លាំង ដោយឲ្យរុស្ស៊ីលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក វាយប្រហារទៅលើបេក្ខភាព លេចធ្លោជាងខ្លួន ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ខាងមុខ លោកត្រាំ ក៏បានងាកទៅរកចិន អ៊ុយក្រែន វាយប្រហារទៅលើបេក្ខភាព ដែលអាចយកឈ្នះលោកត្រាំបានគឺ Joe Biden ។
ដូណាល់ ត្រាំ បានអំពាវនាវ ឲ្យ ប្រទេសចិននិងអ៊ុយក្រែន ស៊ើបអង្កេតលើក្រុមគ្រួសារ Bidenក្នុងពេលដែល ការគាំទ្របេក្ខភាពប្រធានាធិបតី Joe Biden កាន់តែកើនឡើងសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ដែលជាការគំរាមកំហែង ដល់តំណែងប្រធានាធិបតី របស់លោកត្រាំក្នុងអាណត្តិទី២។ ទាំងនោះហើយលោកត្រាំបានរកគ្រប់វិធីសាស្ត្រដើម្បី បំផ្លាញ គូប្រជែងរបស់ខ្លួន។
ប្រធានាធិបតី ដូណាលត្រាំ បានអំពាវនាវដល់ បរទេសជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតអាមេរិក នៅឆ្នាំ២០២០ ដោយស្នើដល់ចិន និងអ៊ុយក្រែន បើកការស៊ើបអង្កេតទៅលើ លោក Joe Biden និងគ្រួសារ ។ កាលពីបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំបានយកឈ្នះ បេក្ខភាពល្បីល្បាញលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ដោយសារតែការស្នើឲ្យស្រាវជ្រាវ ករណីប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួននោះដែរ។
មុនពេលឡើងយន្តហោះទៅបំពេញការងារក្នុងទីក្រុង Florida នៅថ្ងៃទី៤ ខែតុលា ប្រធានាធិបតី ដូណាលត្រាំបានស្នើដល់ ទីក្រុងប៉េកាំងគួរតែស្រាវជ្រាវ លោក Biden និងកូនប្រុស Hunter ដោយអ្វីដែលបានកើតឡើងនៅចិន មិនខុសពីអ្វីដែលបានកើតឡើងនៅអ៊ុយក្រែននោះឡើយ។
លោកត្រាំបានចោទប្រកាន់ លោក Biden ថាបានជួយការងាជំនួញរបស់កូនប្រុសនៅក្នុងប្រទេសអ៊ុយក្រែន និងចិន ប៉ុន្តែ លោកមិនអាចបង្ហាញភស្តុតាងបញ្ជាក់ពីការពិតនោះឡើយ។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៦ មុនពេលឈានដល់បោះឆ្នោត លោកដូណាលត្រាំក៏បានអបអរសាទរដល់ ហែកឃឺ បរទេសដែលបានវាយប្រហារលួច អ៊ីម៉ែល ជាង៣សែន របស់លោកស្រី ហ៊ីលឡារីគ្លីនតុន ធ្វើឲ្យលោកស្រី ត្រូវរងការស៊ើបអង្កេត ដែលជាហេតុធ្វើឲ្យការគាំទ្រធ្លាក់ចុះពេលបោះឆ្នោតប្រធានាធិបតី ៕
ដោយ៖ មែវ សាធី