វាយប្រហារដោយកាំបិតនៅទីក្រុងប៉ារីស ស្លាប់​៤នាក់​

ចែករំលែក៖

បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប មានការត្រួតពិនិត្យអាវុធយ៉ាងតឹងតែងបំផុត  ទើបមិនមានការបាញ់ប្រហារដោយកាំភ្លើងកើតឡើង ដូចកាលពីមុន ។ ប៉ុន្តែ​ ជនដៃដល់បានងាកមកប្រើប្រាស់កាំបិតសម្រាប់វាយប្រហារជំនួសវិញ ​។ ជាក់ស្តែង បុគ្គលិក ផ្នែកបច្ចេកវិទ្យាកំព្យូទ័រ ម្នាក់បានប្រើកាំបិត ចាក់សម្លាប់មនុស្សដល់ទៅ​៤នាក់ កណ្តាលទីក្រុងប៉ារីស​ កាលពីថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩។

បុរសម្នាក់​ជាបុគ្គលិកបម្រើការផ្នែកព័ត៌មានវិទ្យា (IT)​នៅឯស្នាក់ការកណ្តាលរបស់ប៉ូលិស​ កណ្តាលទីក្រុងប៉ារីស បានប្រដាប់ដោយកាំបិត​ចាក់សម្លាប់​បុគ្គលិក​នៅទីនោះស្លាប់​៤នាក់ មុនពេលខ្លួនគាត់ផ្ទាល់​ត្រូវប៉ូលិសបាញ់សម្លាប់ ។

ប៉ូលិសបារាំង​បានថ្លែងទៀតថា ជនទី៥បានរងរបួសធ្ងន់ធ្ងរ​កំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ ។ ប៉ូលិសបារាំងបានចាត់ទុកថា នេះជាការវាយប្រហារដ៏សម្លាប់មនុស្សច្រើនបំផុត​នៅប្រទេសបារាំងប្រចាំឆ្នាំ ហើយមូលហេតុគឺនៅមិនទាន់ដឹងនៅឡើយទេ ។

ប្រភពពីក្រុមស៊ើបអង្កេត​បានបញ្ជាក់ថា ជនវាយប្រហារ​អាយុប្រហែល​៤៥ឆ្នាំ ជាបុគ្គលិកបម្រើការផ្នែកព័ត៌មានវិទ្យា​នៅនាយកដ្ឋាន​ចារកម្ម​ប៉ូលិស ហើយជននេះ​បានថ្វាយខ្លួន​ជូនក្រុមអិស្លាម​កាលពី១៨ខែកន្លងមកហើយ ។

ជនវាយប្រហារ​បានចាក់សម្លាប់បុគ្គលិកភេទប្រុស៣នាក់ និងស្ត្រីជាជំនួយការ​ម្នាក់ មុនពេលរូបគេត្រូវ​ប៉ូលិសបាញ់​សម្លាប់ ស្ថិតនៅទីធ្លាអគារថ្មការ៉េ​ ក្បែរព្រះវិហារប្រវត្តិសាស្ត្រ Notre-Dame កណ្តាលទីក្រុងប៉ារីសតែម្តង ។

ជនវាយប្រហារ​ ជាមនុស្សកើត​នៅលើ​ទឹកដី​ការ៉ាបៀនបារាំង គឺនៅតំបន់ Martininque បានបម្រើការ​ឲ្យប៉ូលិស​បារាំងតាំងពីឆ្នាំ២០០៣រហូតមក ។ គាត់ជាមនុស្ស​មានបញ្ហាផ្នែកខាងស្តាប់ ​(ត្រចៀកថ្លង)។

ប៉ូលិសបារាំង​បានចូលឆែកឆេរ​លំនៅឋាន​របស់ជនវាយប្រហារ ដែលរស់នៅស្ងាត់ជ្រងំស្ថិតនៅជាយក្រុង Gonesse ភាគខាងជើង​ទីក្រុងប៉ារីស ហើយបានចាប់ឃុំខ្លួនប្រព័ន្ធ​របស់ជនវាយប្រហារផងដែរ ។

ក្រសួងមហាផ្ទៃបារាំង​បានបញ្ជាក់ថា ឃាតក​ខាងលើ​មិនដែល​បង្ហាញ​អាកប្បកិរិយាសង្ស័យ​ណាមួយទាល់តែសោះ កាលពីពេលមុនមក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print