ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កង្វល់របស់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ន កំពុងជួបប្រទះនូវកង្វល់ធំៗ២ នោះគឺការកកស្ទះចរាចរណ៍ និងការកកស្ទះសំរាម ខណៈអាជ្ញាធរបាននិងកំពុងយកចិត្តទុកដាក់រាល់ថ្ងៃដើម្បីដោះស្រាយលើបញ្ហានេះ.។
លោក ឃួង ស្រេង បានលើកឡើងដូចនេះ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋានទាំងអស់ (សង្កាត់,ខណ្ឌ) គ្រប់ស្ថាប័ន្ធពាក់ព័ន្ធ នៅសាលារាជ ធានីភ្នំពេញ ដើម្បីណែនាំ និងជំរុញ ក្នុងការទប់ស្កាត់ ការរំលោភចំណីផ្លូវ ក្នុងរាជធានី និងគ្រប់គ្រង់ចំណីផ្លូវ នៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសាធារណៈទាំងអស់ ដែលមានសាងសង់ ស្តារ ថែទាំ ឬពង្រីករួចនាពេលកន្លងមក ។
ក្រោយពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាស្ថាប័ន្ធ មានសមត្ថកិច្ចពាក់ព័ន្ធ ក្រោមឱវាទទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ដីចំណីផ្លូវសាធារណៈ តាមរយៈសេចក្តីជម្រាបជូន ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន មានកង្វល់ពីរធំ គឺកង្វល់នៃការស្ទះចរាចរណ៍ និងកង្វល់ការស្ទះសំរាម” ។ក្នុងកង្វល់ទាំងពីរនេះ អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កង្វល់ពាក់ព័ន្ធនឹងស្ទះសំរាម មានកិច្ចការច្រើនត្រូវធ្វើ ដើម្បីដោះស្រាយ ដោយលោកអភិបាល បានដាស់តឿន ដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មានតួនាទីណែនាំប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ ក្នុងការទុកដាក់សំរាម ។
លោក ឃួង ស្រេង បានឲ្យដឹងថា “ហេតុអ្វីយើងមិនទាន់ប្រើ ពិន័យអន្តរក្រសួង លើកិច្ចការងារនេះ យើងមើលលទ្ធភាព ក្នុងការប្រមូលសំរាមរបស់យើង នៅមានកម្រិត មិនទាន់សុក្រឹត ក្រុមហ៊ុនស៊ិនទ្រី យកសំរាម មិនទាន់បានល្អប្រសើរ ។ ក្នុងកាលទេសៈដែលខ្លួនប្រមូលសំរាម មិនទាន់បានល្អប្រសើរ ហើយទៅផាកពិន័យ ប្រជាពលរដ្ឋវាអត់ត្រូវរឿងទេ ប៉ុន្តែបើបណ្តែតបណ្តោយពេកទៅក៏មិនល្អដែរ ដោយមានប្រជាពលរដ្ឋខ្លះ ឃើញយើងដាក់ស្លាកហាមចាក់សំរាមហើយ ពួកគាត់យកសំរាមទៅចាក់ក្រោមស្លាកហាមឃាត់នោះទៀត។
លោក ក៏ បានស្នើសុំអោយ សង្កាត់ ខណ្ឌ ត្រូវបន្ដយកចិត្តទុកដាក់ លើបញ្ហានេះ បើទោះបីមិនទាន់ ធ្វើការផាកពិន័យយ៉ាងណានោះក្តី តែត្រូវធ្វើកំណត់ហេតុណែនាំ ទៅប្រជាពលរដ្ឋនៅមូលដ្ឋានជាប្រចាំផងដែរ ៕
ដោយ៖ សំរិត