សហរដ្ឋអាមេរិក៖ មកទល់ពេលនេះ ការចេញច្បាប់គ្រប់គ្រងកាំភ្លើងនៅអាមេរិក គឺជាបញ្ហាដ៏ធំពិបាកនៅក្នុងការសម្រេច ។ កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួន បានគាំទ្រដល់ការប្រើប្រាស់ កាំភ្លើង នៅអាមេរិក ដោយចាត់ទុកថា នេះជាទំនៀមទម្លាប់មិនអាចលុបចោលបានឡើយ ដោយការប្រើប្រាស់អាវុធកាំភ្លើង កើតមានតាំងពីមុនទឹកដីអាមេរិក កកើតមកម៉្លេះ ទាំងនោះហើយយើងមិន អាចបោះបង់ចោលបានឡើយ។
ប៉ុន្តែក្រោយការបាញ់ប្រហារ ជាបន្តបន្ទាប់ហើយការបាញ់ប្រហារទៀតសោត គឺនៅក្នុងសាលារៀន ពិសេសគឺសាលាបឋមសិក្សា ដែលជាហេតុធ្វើឲ្យពលរដ្ឋ អាមេរិក មួយចំនួនធំ មិនចង់ឲ្យមានការប្រើប្រាស់កាំភ្លើង ឬត្រូវមានច្បាប់គ្រប់គ្រងកាំភ្លើងឲ្យបានតឹងតែងជាទីបំផុត។ ដោយសារតែការបាញ់ប្រហារនៅសាលារៀនសម្លាប់សិស្សជាបន្តបន្ទាប់ ទើបកន្លងមកមាន បាតុករអាមេរិករាប់រយពាន់នាក់ ដែលជាសិស្សានុសិស្ស និងអ្នកគាំទ្ររបស់ពួកគេ បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ ជាប្រវត្តិសាស្ត្រ ដើម្បីធ្វើបាតុកម្ម ប្រឆាំងទៅនឹងការវាយប្រហារដោយការបាញ់កាំភ្លើងដែលកើតឡើងជាបន្តបន្ទាប់នៅអាមេរិក។
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩បានបញ្ជាក់ថា ប៉ូលិសនៅទីក្រុង Vancouver រដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា អំពើបាញ់ប្រហារមួយបានកើតឡើងនៅអគារអាផាតមែន មួយកន្លែង ដែលមនុស្សច្រើននាក់ត្រូវរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយសារស្ថានភាពរងរបួសធ្ងន់ធ្ងរ ។ ក្នុងនោះម្នាក់បានបាត់បង់ជីវិត ។
ប៉ូលិសបានឡោមព័ទ្ធអគារអាផាតមេនមួយកន្លែងស្ថិតនៅទីក្រុង Vancouver កាលពីរសៀលថ្ងៃព្រហស្បតិ៍ (៣ ខែតុលា) បន្ទាប់ពីមានសេចក្តីរាយការណ៍ការបាញ់ប្រហារនៅបន្ទប់រង់ចាំនៅទីនោះ ។ មនុស្ស៣នាក់ រងការបាញ់ប្រហារ ហើយប៉ូលិសទីក្រុង Vancouver ក្រោយមកបញ្ជាក់ថា ជនរងគ្រោះម្នាក់បានស្លាប់ ។
ប្រភពពីប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យបាញ់ប្រហារអាយុប្រហែល៨០ឆ្នាំ រស់នៅក្នុងអគារអាផាតមេននោះតែម្តង ត្រូវបានគេដាក់ឲ្យនៅដោយឡែកពីគេឯងស្ថិតនៅជាន់ទី១៣ ។ កាសែត Columbian បានផ្សាយថា ប៉ូលិសបានព្យាយាមនិយាយជាមួយខ្មាន់កាំភ្លើងដោយសម្រួល ។ ពេលនេះ ខ្មាន់កាំភ្លើងកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាង ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា វាបានកើតឡើងយ៉ាងដូច្នេះ។ ប៉ូលិសក្នុងតំបន់មិនទាន់អាចបញ្ជាក់ពីមូលហេតុបណ្តាលឲ្យជនសង្ស័យបាញ់ប្រហារនៅឡើយទេ ៕
ដោយ៖ មែវ សាធី