ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលលោកស្រី ចំរើន មុទិតា នាយកគម្រោង LASED II របស់ធនាគារពិភពលោក (WB) ប្រចាំកម្ពុជា និងសហការីដើម្បីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II)។
ជាបឋម លោកស្រីបានរាយកាណ៍ជូនជ្រាបថាក្រុមបេសកកម្មរបស់ WB បានចុះមកវាយតម្លៃលទ្ធផលពាក់កណ្តាលគម្រោងនៅខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តក្រចេះ ជារួមឃើញថាពីមុនពួកគាត់គ្រាន់ជាកម្មករប្រើកំលាំង ខ្វះការគិតគូពិចារណា ធ្វើមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ផ្ទុយទៅវិញបច្ចុប្បន្នសម្បទានិកបានក្លាយជាម្ចាស់ដី ម្ចាស់កសិដ្ឋាន ចេះគិតគូ ដឹកនាំ គ្រប់គ្រង រៀបចំទុកដាក់កូនឲ្យមានគូស្រករ ក្មេងៗបានចូលរៀន ធានាបាននូវសន្តិស្បៀង និងអាហារូបត្ថម្ភ និងជាពិសេសនោះមានគ្រួសារប្រហែល ៣០-៤០% នៃគម្រោង មានចំណូលរហូត ដល់ទៅ ៣០០០ដុល្លារ/ឆ្នាំ ហើយគ្រួសារខ្លះមានលទ្ធភាពទិញរថយន្ត និងត្រាក់ទ័រមកប្រើប្រាស់ផ្ទាល់ខ្លួន។
លោកស្រីបន្តទៀតថា ទាក់ទងនិងការងារបង្កបង្កើនដំបូងពួកគាត់ពិបាកទទួលយកនូវបច្ចេកទេសកសិកម្មដែលក្រុមការងារបានផ្តល់ជូន ប៉ុន្តែឥឡូវពួកគាត់អាចចាប់យកបានល្អ យល់ និងយកទៅអនុវត្តទទួលបានផលយ៉ាងគាប់ប្រសើរ និងខ្លះទៀតឈានទៅប្រែក្លាយជាកសិ-ពាណិជ្ជករ។ ទាក់ទងរឿងនេះ គម្រោងកំពុងស្វះស្វែងរកដៃគូជួយនាំយកកសិផលទាំងនោះមកកាន់ទីផ្សារ ដើម្បីបង្កើនការផលិត ធានានិរន្តរភាពផលិត និងបង្កើនចំណូលគ្រួសារ។ សម្រាប់ LASED III លោកស្រីជម្រាបជូនថា គម្រោងនឹងពិនិត្យលើតុល្យភាពនៃប្រាក់ចំណូលរបស់ពួកគាត់ សិក្សានិងវាយតម្លៃលើហេតុផលពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាបង្កើនភាគរយនៃគ្រួសារដែលមានប្រាក់ចំណូល ៣០០០ដុល្លារ/ឆ្នាំ ឲ្យឡើងដល់ជាង ៥០% និងកើនឡើងជាបន្តបន្ទាប់ សមស្របការកើនឡើងសមាជិកគ្រួសារ និងសេដ្ឋកិច្ចសង្គម។ ករណីនេះ លោកស្រីក៏បានស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ពិនិត្យពិចារណាបង្កើនទំហំដីផ្តល់ជូនពួកគាត់ឲ្យបានពី ២-៣ហ.ត ចំពោះគ្រួសារដែលយកទៅបង្កបង្កើនផលពិតប្រាកដ។
ក្តាប់បានពីវឌ្ឍនភាពរបស់គម្រោង ដែលលោកស្រីបានរាយការណ៍ជូនជាយ៉ៗខាងលើ លោករដ្ឋមន្រ្តី បានថ្លៃងអំណរគុណជូនចំពោះ WB ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអនុវត្តគម្រោងក្នុងគោលបំណងអភិវឌ្ឍដីសម្បទានសង្គមកិច្ចដែលរដ្ឋបានចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅ កសាងលំនៅឋានថ្មី និងបង្កបង្កើនផល។ លោកបានកោតសរសើរ និងវាយតម្លៃចំពោះលទ្ធផលដែលគម្រោងសម្រេចបាន ហើយវាបានមកដោយសារការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវ សហការពីគ្រប់ភាគីពាក់ព័ន្ធ។ តាមអ្វីដែលលោកស្រីបានលើកឡើង លោករដ្ឋមន្រ្តីបានទទួលយកក្នុងក្តីសោមនស្ស ដោយសារគម្រោងបានធ្វើឲ្យស្ថានភាពជីវភាពរបស់ពួកគាត់មានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការកើនឡើងផលិតផលកសិកម្មដែលពួកគាត់បានដាំដំណាំ បន្លែបង្កា និងចិញ្ចឹមសត្វលើដីនោះ ហើយពិតណាស់ចំណូល ដែលទទួលបានពីភោគផលទាំងនេះ បានកែប្រែកម្រិតជីវភាពពីមួយជំហាន ទៅមួយជំហានឆ្ពោះទៅកាន់គ្រួសារមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថាផ្លូវទៅកាន់គោលដៅនៅវែងឆ្ងាយ ដែលទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួម សហការឲ្យបានពេញលេញ មានឆន្ទ: និងឧត្តមគតិ ធ្វើយ៉ាងណាឲ្យសម្បទានិកទាំងអស់នោះកើតមកត្រូវរស់បានយ៉ាងរឹងមាំទាំងផ្លូវចិត្ត ផ្លូវកាយ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។
ទាក់ទងទីផ្សារកសិផល លោករដ្ឋមន្រ្តីបានផ្តល់មតិឲ្យគម្រោងសហការជាមួយវិស័យឯកជនដើម្បីរកដំណោះស្រាយ មានទីផ្សារមានការផលិត មានទីផ្សារមានបរិមាណ គុណភាព និងតម្លៃត្រូវបានធានា បើកត្តាទាំងបីដើរព្រមគ្នាហើយនោះ និរន្តរភាពនៃប្រាក់ចំណូលគ្រួសារត្រូវបានលើកកម្ពស់។ ហេតុនេះ រដ្ឋមន្រ្តីស្នើសុំឲ្យគម្រោងសិក្សាពីលទ្ធភាពនៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឲ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍” ហើយក៏គួរសិក្សាពីកម្ចីឥណទានការប្រាក់ទាបផងដែរដើម្បីផ្តល់ឲ្យកាសឲ្យពួកគាត់ពង្រីកផលិតកម្ម ឬអាជីវកម្មបន្ថែម។
សូមបញ្ជាក់ជូនថា គោលបំណងចំបងរបស់គម្រោង LASED II នេះគឺជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងបានអនុវត្តលើខេត្តគោលដីចំនួន០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤ ៤៤១ គ្រួសារ តាមរយ:ការរៀប ចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាពតាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងមានរយ:ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ៕
ដោយ៖ ស រស្មី