អណ្តើកយក្សអាយុកាលជិត​៣៥០ឆ្នាំ បានងាប់ហើយ​

ចែករំលែក៖

អណ្តើកយក្ស ដែលមានអាយុកាល រហូតដល់ទៅ​៣៤៤ឆ្នាំ  រស់នៅក្នុងទឹកដីអាហ្វ្រិក បានងាប់ហើយ នៅដើម ខែតុលាឆ្នាំ​២០១៩។​ សត្វអណ្តើកនេះឈ្មោះថា Alagba បានធ្លាក់ខ្លួនឈឺ​មួយរយៈពេលខ្លី ក៏ងាប់តែម្តងក្នុងអាយុសរុប​៣៤៤ឆ្នាំ ។ សត្វអណ្តើកនេះ មានអំណាចឫទ្ធិអាចព្យាបាលអ្នកជំងឺខាងស្មារតី​ឲ្យជាសះស្បើយទៀត ផង ។ ​

អ្នកនាំពាក្យមួយរូប​បានបញ្ជាក់កាលពីថ្ងៃទី៥ ខែតុលាថា សត្វអណ្តើកមួយក្បាល​របស់រាជវាំង​នីហ្សេរីយ៉ា មានអាយុ​៣៤៤ឆ្នាំនោះ បានងាប់​នៅក្នុងទីក្រុង Ogbomosho ស្ថិតនៅភាគនិរតី​របស់ប្រទេសនីហ្សេរីយ៉ា ។

ទោះបីយ៉ាងណា អ្នកជំនាញ មានចម្ងល់ថា តើ​សត្វអណ្តើកនេះ​មានអាយុវែងដល់ថ្នាក់ហ្នឹង បានដោយរបៀប ណា? វាជាសត្វអណ្តើក​របស់រាជវាំង​ ឈ្មោះ Alagba មានន័យថា អាយុវែង បានរស់នៅក្នុងរាជវាំង​​រាប់សតវត្សរ៍មកហើយ ។

លោក Toyin Ajamu ជំនួយការផ្ទាល់​ព្រះមហាក្សត្រ Jimoh Oyewunmi បានប្រាប់ប្រភព AFPថា សត្វ អណ្តើក ឈ្មោះ​Alagba បានងាប់ បន្ទាប់ពី វាធ្លាក់ខ្លួន«ឈឺមួយរយៈពេលខ្លី» កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ។

លោក Ajamu បានរ៉ាយរ៉ាប់ទៀតថា នាង Alagba ជាសត្វអណ្តើកអាយុវែងជាងគេបំផុត​នៅក្នុងតំបន់អាហ្វ្រិក ។ «Alagba បានរស់នៅក្នុងវាំង​រាប់សតវត្សរ៍ ។ សត្វអណ្តើកនេះ ក្លាយជាសត្វសព្វព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រ​ច្រើនអង្គ​​កាលពីអតីតកាល​ ស្ថិតនៅក្នុងរាជវាំងទីក្រុង Ogbomosoនេះ» ។

សត្វអណ្តើកនេះ​ ត្រូវបាននាំយកមកឲ្យរស់នៅ​ក្នុងរាជវាំង​​ ដោយ Isan Okumoyede អ្នកគ្រប់គ្រង​តាមបែបប្រពៃណី​ទីបី ស្ថិតនៅក្នុងទីក្រុងខាងលើនេះ តាំងពីរាប់សតវត្សរ៍កន្លង​មកហើយ។

លោក Ajamu បានបន្តថា ជាញឹកញាប់ ព្រះមហាក្សត្រ តែងតែ​ចំណាយពេលវេលា​ជាមួយសត្វអណ្តើកនេះ ។ ជាមូលដ្ឋាន​ប្រចាំថ្ងៃរបស់សត្វអណ្តើក Alagba បានទាក់ទាញ​ភ្ញៀវទេសចរ​មកពីគ្រប់ទិសទី​ជុំវិញពិភពលោក​​ឲ្យទៅទស្សនា ។ ព្រះមហាក្សត្រ​បានចាត់មនុស្ស​២នាក់​មើលថែសត្វអណ្តើកនេះ ។

លោក Ajamu បានបញ្ជាក់ទៀតថា ក្រោយពីសត្វអណ្តើកនេះងាប់ ស្នូក ឬឆ្អឹង​របស់វា ត្រូវបានរក្សា​ទុក ដើម្បីជាកេរដំណែលទុកឲ្យកូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ផងដែរ ។

ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំនាញ​មួយរូប​បាននិយាយអំពីចម្ងល់ថា តើសត្វអណ្តើកនេះ រស់នៅបានអាយុវែងដល់ម្លឹុងម្តេចទៅកើត?

អ្នកជំនាញឈ្មោះ Yomi Agbato វេជ្ជបណ្ឌិត្យឯកទេសខាងពេទ្យសត្វ​មូលដ្ឋាន​នៅទីក្រុង Lagos បាននិយាយ ថា «ខ្ញុំមានការសង្ស័យយ៉ាងខ្លាំង​ពាក់ព័ន្ធអាយុពិតប្រាកដ​របស់សត្វអណ្តើក​មួយក្បាលនេះ ។ ខ្ញុំមានចម្ងល់ ថា តើវាមានអាយុ​៣៤៤ឆ្នាំ​បានម្ត៉េចទៅកើត បើជាធម្មតា អាយុខៃរបស់សត្វអណ្តើក​មានប្រហែល​តែ១០០ឆ្នាំនោះ?»។

យោងតាមលោក Ajamu បាននិយាយទៀតថា សត្វអណ្តើក​នេះ ​មានថាមពល​អស្ចារ្យ អាច​ព្យាបាលជំងឺថែមទៀតផង ។ លោកថា មនុស្សជាច្រើន​ដែលមានបញ្ហាផ្នែកស្មារតី នៅពេលដែលបានមកពាល់ជាមួយសត្វ អណ្តើករួចហើយ តែងបានជាសះស្បើយជានិច្ច ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print