ការបាញ់ប្រហារកើតឡើងនៅអាមេ៉រិក ស្ទើរតែរៀងរាល់ថ្ងៃ ដោយរដ្ឋាភិបាលមិនអាចទប់ស្កាត់បាននោះឡើយ។ នៅពេលនេះ មានមានមនុស្ស៤នាក់ស្លាប់ និង៥នាក់រងរបួសដោយការបាញ់ប្រហារក្នុងក្លិបរាត្រី នៅទីក្រុង Kansas សហរដ្ឋអាមេ៉រិក កាលពីថ្ងៃទី៦ ខែតុលា។
ហេតុការណ៍បាញ់ប្រហារកើតឡើងនៅវេលាម៉ោង ១និង៣០នាទីថ្ងៃទី៦ ខែតុលា (ម៉ោងក្នុងតំបន់)ស្ថិតនៅក្លិបរាត្រីTequila KC កណ្តាលទីក្រុង Kansas ។ នៅពេលការបាញ់ប្រហារកើតឡើង មានមនុស្សប្រមាណ៤០នាក់នៅក្នុងក្លិបនោះ។
ប៉ូលិសបានឲ្យដឹងថា មានជនដៃដល់ម្នាក់ប្រើប្រាស់កាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ ដែលជាបុរស។ លោក Thomas Tomasic ស្នងការប៉ូលិសKansas បានបញ្ជាក់ថា« ក្រុមអ្នកស៊ើបអង្កេត ត្រួតពិនិត្យសាកសពបានទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងបញ្ជាក់ឲ្យបានច្បាស់លាស់។
កម្លាំងប៉ូលិសក៏បានបើកការស្រាវជ្រាវ ថាតើជនដៃដល់មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងក្លិបរាត្រីផ្សេងទៀនៅមុនការបាញ់ប្រហារខាងលើប៉ុន្មានម៉ោងដែរឬទេ។ ក្នុងចំណោមជនរងគ្រោះ៤នាក់ មានម្នាក់អាយុ៥០ឆ្នាំ ម្នាក់អាយុជាង៣០ឆ្នាំ និង២នាក់ទៀតមានអាយុប្រមាណ២០ឆ្នាំ។ ចំណែកអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
អំពើបាញ់ប្រហារបានកើតឡើងទៀតហើយនៅក្នុងប្រទេសដែលពលរដ្ឋមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធស្របច្បាប់ ។ សហរដ្ឋអាមេ៉រិកតែងកើតមានការផ្ទុះអាវុធជាញឹកញាប់ ជាក់ស្តែងនៅពេលនេះ មានករណីផ្ទុះអាវុធបណ្តាលឲ្យស្លាប់៤នាក់ និងរបួស៥នាក់ ។
កាលពីសប្តាហ៍កន្លងមក នៅទីក្រុង Vancouver រដ្ឋវ៉ាស៊ីនតោន ក៏មានអំពើបាញ់ប្រហារមួយបានកើតឡើងនៅអគារអាផាតមែនមួយកន្លែង ដែលមានមនុស្សច្រើននាក់ត្រូវរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយសារស្ថានភាពរងរបួសធ្ងន់ធ្ងរ ។ ក្នុងនោះម្នាក់បានបាត់បង់ជីវិត ៕ ធី រីណា