ខេត្តកណ្តាល៖ ស្ត្រីវ័យ៥២ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ដួលផ្ងាក្រោយ ខណៈដែលស្ត្រីរងគ្រោះយកដៃកាន់ឌុយកង្ហាទៅដោតក្នុងព្រីភ្លើង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់ចំណុចក្រោមផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ម៉ន សារឿន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានកាន់ឌុយកង្ហាទៅដោតបញ្ជូលនៅក្នុងព្រីភ្លើង ខណៈនោះបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្ត្រីរងគ្រោះបណ្តាលឲ្យដួលផ្ងាក្រោយទៅលើដី ។ ភ្លាមៗនោះកូនស្រីរបស់ស្ត្រីរងគ្រោះបានស្រែកឆោឡោឡើងឲ្យអ្នកជិតខាងជួយយកស្ត្រីរងគ្រោះទៅកប់ដីខ្សាច់ដើម្បីសង្គ្រោះអាយុជីវិត ។ ទោះបីជាបែបណាក្តីស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត ។ បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ