ភ្លើងឆេះព្រៃនៅក្នុងតំបន់ Riverside រដ្ឋកាលីហ្វ័រញ៉ាអាមេរិក បណ្តាលឲ្យមានអ្នកស្លា់ប និងពលរដ្ឋជាតិ១សែននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ មន្ត្រីពន្លត់អគ្គិភ័យ បានឲ្យដឹងថា ការដុតសំរាមជាមូលហេតុបានបណ្តាលឱ្យមានភ្លើងឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅ និង បំផ្លាញផ្ទះរាប់សិបខ្នង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។
សារព័ត៌មាន CNN បានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង ១សែននាក់ផ្សេងទៀត ត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ហើយពលរដ្ឋរាប់សែននាក់ ប្រឈមនឹងការអត់ភ្លើងអគ្គិសនីប្រើប្រាស់។
ភ្លើងឆេះព្រៃនេះ បានឆេះរាលដាលយ៉ាងខ្លាំង នៅក្នុងរដ្ឋនេះ រហូតនាំឲ្យមានការកាត់ផ្ដាច់បណ្ដាញចរន្ដអគ្គិសនីដល់ប្រជាពលរដ្ឋរាប់សែននាក់។ រីឯអាជ្ញាធរ ក៏បានបញ្ជាឲ្យប្រជាពលរដ្ឋរាប់រយនាក់ នៅក្នុងតំបន់នោះ ត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគាត់ ដើម្បីទៅស្វែងរកទីមានសុវត្ថិភាព ខណៈក្រុមពន្លត់អគ្គិភ័យ បានធ្វើការពេញមួយយប់ ដើម្បីទប់ទល់នឹងស្ថានការណ៍ភ្លើងឆេះព្រៃនេះ ។
មន្ត្រីរបស់រដ្ឋ បានថ្លែងថា ភ្លើងឆេះព្រៃ នៅតំបន់ Sandalwood នេះ គឺជាភ្លើងឆេះមួយ ក្នុងចំណោមភ្លើងចំនួន២៧៥លើក ដែលបានឆាបឆេះ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ខណៈខ្យល់កំពុងបក់មកយ៉ាងខ្លាំង។
នាយកដ្ឋានពន្លត់អគ្គិភ័យ បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តដឹកសំរាមបានចោលសំរាមយ៉ាងច្រើន ទើបបណ្ដាលឲ្យឆេះរាលដាលដល់ចម្ការបន្លែ កាលពីមុនម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា។ ភ្លើងឆេះព្រៃនេះ បានឆេះ នៅចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ នាភាគខាងកើត នៃទីក្រុងឡូស អែនជឺរឡែស។
អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យា Riverside County លោក April Newman បានប្រាប់សារព័ត៌មាន Los Angeles Times ថា ភ្លើងឆេះព្រៃនេះបានចាប់ផ្ដើមឆេះពីសំរាមដែលរថយន្ដដឹកសំរាមយកទៅគរចោល។ នៅក្នុងហេតុការណ៍នេះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋរាប់រយនាក់ ចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទៅរកទីមានសុវត្ថិភាព។ ជាមួយគ្នានេះដែរ ប្រព័ន្ធអគ្គិសនី ក៏ត្រូវបានកាត់ផ្ដាច់ពីអតិថិជន ប្រហែល ៧៣០ ០០០នាក់ផងដែរ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងពីទំហំ នៃការខូចខាត ប៉ុន្ដែបើតាមព័ត៌មានបឋម គឺមានមនុស្ស២នាក់ បានស្លាប់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបង្ខំជម្លៀស ចេញពីលំនៅឋានរបស់ពួកគេ ហើយអតិថិជនរាប់សែននាក់ ប្រឈមនឹងការអត់ភ្លើងអគ្គិសនីប្រើប្រាស់ ៕