ទីក្រុងប្រាក ប្រទេសឆែក៖ នៅវេលា១៥.០០រសៀល(ម៉ោងនៅទីក្រុងប្រាក ប្រទេសឆែក) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់សាធារណរដ្ឋឆែក ប្រកបដោយសុវត្តិភាពដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនោះ។
សូមជំរាបថា ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតបតាមការអញ្ជើញរបស់ឯកឧត្តម អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក ។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូ វការនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នាផងដែរ៕
ដោយ៖ សុខ ខេមរា