នៅថ្ងៃទី១៤ខែតុលា ខ្មាន់កាំភ្លើង មួយក្រុមស្លៀកបានលួចវាយឆ្មក់បាញ់ប្រហារ ទៅលើកម្លាំងប៉ូលិសម៉ិចស៊ីកូ បណ្តាលឲ្យប៉ូលិស១៣នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ។លការបាញ់ប្រហារកើតឡើងនៅក្នុងរដ្ឋ មីឆូកាន (Michoacan) តំបន់ភាគខាងលិចប្រទេសម៉ិកស៊ិក ។
ស្នងការប៉ូលិសរដ្ឋ មីឆូកាន បានថ្លែងការណ៍ថា មន្ត្រីប៉ូលិសបានទៅកាន់លំនៅឋានមួយកន្លែងស្ថិតនៅតំបន់អែលអេក្វាហេ (El Aguaje) ទីក្រុងអាហ្គីលីឡា (Aguililla)ទៅអនុវត្តតាមដីការបស់តុលាការ ពេលនោះ ជនស៊ីវិលប្រដាប់ដោយអាវុធជាច្រើននាក់បានពួនស្ទាក់បាញ់ប្រហារទៅលើក្បួនរថយន្តប៉ូលិសតាមដងផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសយ៉ាងរដូករណែលតែម្តង ។
លោក ស៊ីលវ៉ានូ អួរីអូលេស អភិបាលរដ្ឋ មីឆូកាន បានថ្លែងថា «គ្មាននរណាម្នាក់បាញ់ប្រហារមកលើកងកម្លាំងប៉ូលិស ហើយមិនរងការដាក់ពិន័យនោះឡើយ ។ នេះជាទង្វីដ៏កំសាកញីបំផុត ពួកគេពួនស្ទាក់វាយឆ្មក់នៅតាមដងផ្លូវមកលើកងកម្លាំងសមត្ថកិច្ច»។
រូបភាពរបស់ផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ ឃើញរថយន្តរបស់ប៉ូលិសជាច្រើនគ្រឿងរងការឆេះខ្លោច នៅពាក់កណ្តាលផ្លូវ ដែលពុំសូវមានមនុស្ស ឬរថយន្តឆ្លងកាត់នោះឡើយ ។ អ្នកស្រុកនៅក្នុងតំបន់ភ័យខ្លាចចំពោះអំពើហិង្សានេះ នាំគ្នាសម្ងំនៅតែក្នុងផ្ទះ មិនហ៊ានចេញទៅក្រៅនោះឡើយ ។
ប៉ូលិសម៉ិកស៊ិកនៅមិនទាន់បញ្ជាក់អំពីការចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងនៅឡើយទេ ខណៈដែលអះអាងថា កំពុងស៊ើបអង្កេត ។
សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ិកស៊ិកបានបើកយុទ្ធនាការប្រឆាំងក្រុមជួញដូរគ្រឿង ហើយក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១២ មានការប៉ះទង្គិចទ្រង់ទ្រាយធំកើតឡើងរវាងកងកម្លាំងសមត្ថកិច្ច និងក្រុមបងធំបងតូចជួញដូរគ្រឿងញៀន បណ្តាលឲ្យស្លាប់យ៉ាងរង្គាលតែម្តង ។
ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ប៉ូលិសម៉ិកស៊ិកបានរកឃើញសាកសព១៩នាក់ក្នុងរណ្តៅរួមមួយ និងឃើញសាកសពព្យួរណែងណងនៅលើស្ពានមួយកន្លែងថែមទៀតផងដែរ ក្នុងទីក្រុង Uruapan ៕